កណ្តាល៖ ទីបំផុតទៅ ប្រជាពលរដ្ឋរស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានបញ្ហាទំនាស់ដីផ្លូវជាមួយឈ្មោះ ចាន់ វិទូ មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ពូទីន ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សម្រេចប្រគល់ជូនពលរដ្ឋហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
បើតាមពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋ១៣០គ្រួសារ ដែលបានលើកគ្នាមកតវ៉ាមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំការជួយអន្តរាគមន៍ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បន្ទាប់ពីជំនួបបានប្រាប់ឱ្យដឹងថា លោក គង់ សោភ័ណ្ឌ ក្រោយស្តាប់ដំណើររឿង ដែលឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ លោក ចាន់ វិទូ យកគ្រឿងចក្រ កាយផ្តាច់ផ្លូវពលរដ្ឋទំហំទទឹង៧ម៉ែត្រ និងបណ្តោយ២៣៩ម៉ែត្រ ក្នុងប្រវែងជាង៤២២ម៉ែត្រ តភ្ជាប់ពីចំណុចផ្លូវទួលតាគង់ ទៅទល់នឹងច្រកចូលទួលលោកតាលោះលៀស កោះស្លែង ដែលជាផ្លូវចាស់រួមភូមិរបស់អ្នកស្រុកតាំងពីបុរាណមក ធ្វើជាប្រយោជន៍របស់ខ្លួន ដោយយកអាចម៌ដីលក់គ្មានសល់ និងបន្តធ្វើទុកបុកម្នេញប្តឹងពលរដ្ឋទៅតុលាការថែមទៀតនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានធ្វើការសម្រេចភ្លាមៗ ប្រគល់ដីផ្លូវ១ខ្សែរនេះជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីប្រើប្រាស់និងអាស្រ័យផល ជាសមូហភាពពលរដ្ឋរួមវិញ និងដាក់វិធានការយ៉ាងតឹងរឹង ដោយទុកឱសានវាទរយៈពេល១០ថ្ងៃ ឱ្យមេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ឈ្មោះ ចាន់ វិទូ ធ្វើផ្លូវជូនពលរដ្ឋដូចដើមឡើងវិញផងដែរ។
លោក កូវ ផាន់នី បានប្រាប់បន្តថា លោក ចាន់ វិទូ តាមលោកដឹងគឺជាមន្រ្តីបូលីសក្រសួងមហាផ្ទៃ និងថាខ្លួនមានអ្នកធំនៅពីក្រោយខ្នង គឺឯកឧត្តម យឹម លៀង ដែលធ្វើឱ្យពលរដ្ឋរបស់ពួកលោកភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែអំណាចរបស់លោក ចាន់ វិទូ រូបនេះ។ តែយ៉ាងណា លោក កូវ ផាន់នី នៅតែមានជំនឿថា ឯកឧត្តម យឹម លៀង លោកមិនធ្វើដូចនោះឡើយ ហើយនេះប្រហែលជាលោក ចាន់ វិទូ ប្រឌិតពាក្យសម្តីរបស់ខ្លួនតែប៉ុណ្ណោះ នេះបើតាមគំនិតរបស់លោក។
ជុំវិញការលើកឡើងខាងលើរបស់ពលរដ្ឋ ភ្លាមៗមេធាវីរបស់ ឯកឧត្តម យឹម លៀង បានធ្វើការបំភ្លឺជាមួយអ្នកសារព័ត៌មានថា ឯកឧត្តម យឹម លៀង មិនដែលស្គាល់ និងមិនមានទំនាក់ទំនងជាមួយបុគ្គលឈ្មោះ ចាន់ វិទូ នោះទេ ដែលពេលនេះមេធាវីកំពុងរៀបចំឯកសារភស្តុតាងដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។
សូមជំរាបថា ករណីវិវាទដីផ្លូវរួមភូមិរបស់ពលរដ្ឋ ជាមួយមេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ឈ្មោះ ចាន់ វិទូ ដែលជាមន្រ្តីប៉ូលីសស័ក៤ ក្រសួងមហាផ្ទៃ ឋានន្តរស័ក វរសេនីយ៍ត្រី ឋានៈ ជំនួយការសម្តេចក្រឡាហោម ស ខេង អត្តលេខ ៧៨៣៧៨ ស្ថិតនៅភូមិឈើទាល២ ភូមិស្រែអំពិល និងភូមិព្រែកស្វាយ នៃឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានកើតឡើងកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ បុគ្គលខាងលើ បានជីកផ្តាច់ផ្លូវស្ទើរតែទាំងស្រុង ដោយសំអាងពលរដ្ឋធ្វើផ្លូវលើដីរបស់ខ្លួន តែការពិតដីដែលពលរដ្ឋទិញយកមកចាក់ផ្លូវកាលពីអំឡុងឆ្នាំ២០១៩ ក៏ជាអាចម៌ដីរបស់មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ចាន់ វិទូ នេះផងដែរ។
សូមរំលឹកថា មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ពូទីន ឈ្មោះ ចាន់ វិទូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបញ្ជារឱ្យចូលខ្លួន នៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ក្នុងសំណុំរឿងព្រហ្មទណ្ឌ បទ ក្លែងបន្លំ ម្តងរួចទៅហើយដែរ ក្នុងនោះបើតាមប្រភពបានប្រាប់ឱ្យដឹងថា លោក ចាន់ វិទូ នៅមានរឿងអាស្រូវជាច្រើនទៀត។
ព្រមជាមួយគ្នានេះ ពលរដ្ឋបានសម្តែងក្តីរីករាយសារទរ និងថ្លែងអំណរគុណ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបានជួយដល់ពួកគាត់ជាកូនចៅ ទទួលបានផ្លូវរួមភូមិខាងលើបានធ្វើដំណើរ រកត្រី និងអាស្រ័យផល ពិសេសការចូលទៅទីគោរពបូជាលោកតាម្ចាស់ស្រុក កោះលៀស កោះស្លែង កោះអណ្តែត ដែលពូកែស័ក្តិសិទ្ធិនៅទីនោះ ក្រោយការជួយជ្រុមជ្រែងរកយុត្តិធម៌ពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិឃុំ និងស្រុកដូចគ្នាផងដែរ៕