លោក អ៊ុ វុទ្ធទី ប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចិន-កម្ពុជា និងត្រូវតុលាការ ប្រកាសសាលក្រមនៅថ្ងៃស្អែក សំណុំរឿងឆបោក លុយជាង៣១ម៉ឺនដុល្លា

0
1034

ភ្នំពេញ៖ លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតចិន-កម្ពុជា និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចិន-កម្ពុជា និងបក្ខពួក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ និងត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ពីបទ ឆបោកលុយជនរងគ្រោះ ប្រមាណ៣១ម៉ឺនដុល្លារអាមេរិក ករណី ទិញ​ម៉ាសតែមិនមានម៉ាសឱ្យជនរងគ្រោះ ហើយការប្រកាសសាលក្រមនេះ បន្ទាប់ពីតុលាការ បានបើកសវនាការកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ជនរងគ្រោះក្នុងរឿងនេះឈ្មោះ ហៃមុនី វីរៈសុធីតា បានប្ដឹង ឈ្មោះ អ៊ុ វុទ្ធទី.អ៊ុ ស្រីល័ក្ខណ៍ និងឈ្មោះ ពេជ្រ សុខបូរមី ពីបទ ឆបោកប្រាក់ (ទិញ-លក់ម៉ាសការពារជំងឺកូវីដ១៩) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកង រាជអាវុធហត្ថរាជធានីភ្នំពេញ។

ហៃមុនី វីរៈសុធីតា (ជនរងគ្រោះ)

ក្នុងនោះ បើយោងតាមដីកាសន្និដ្ឋានស្ថាពររបស់លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង តុលាការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ យល់ឃើញថា តាមចម្លើយដើមបណ្តឹងឈ្មោះ ហៃមុនី វីរៈសុធីតា ភេទស្រី ដែលបានឆ្លើយនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលចៅក្រមស៊ើបសួរបានឆ្លើយមានភាពប្រហាក់ប្រហែលគ្នា ថានៅថ្ងៃកើតហេតុ ជនត្រូវចោទខាងលើ គឺពិតជាបានធ្វើសកម្មភាព ឆបោកប្រាក់ពីដើមបណ្តឹងពិតមែន។

លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិត ចិន-កម្ពុជា និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចិន-កម្ពុជា

ក្នុងដីកាសន្និដ្ឋានយល់ឃើញទៀតថា ក្រោមរូបភាពឆបោកប្រាក់ពីដើមបណ្តឹងជនត្រូវចោទ អះអាងថា ខ្លួនមានម៉ាសលក់ឱ្យដើមបណ្តឹង លុះដល់បានប្រាក់ពីដើមបណ្ដឹងហើយ ជនត្រូវចោទក៏បានយកប្រាក់នោះ​ទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនមាន ម៉ាស យកមកប្រគល់ឱ្យភាគីដើមបណ្តឹងឡើយ បើទោះបីជាដើមបណ្តឹងព្យាយាមទាក់ទងយ៉ាងណា ក៏ជនត្រូវចោទទាំង៣នាក់ខាងលើ យកលេសគេចវេសរហូត លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដើមបណ្តឹងក៏នាំជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ប្រគល់ឱ្យសមត្ថកិច្ចនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដង រីឯជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរបី និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ បានរត់គេចបាត់។

តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស ដែលបានឆ្លើយនៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនៅដំណាក់កាលចៅក្រម ស៊ើប​សួរ បានឆ្លើយប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុ ខ្លួនគឺពិតជាបានទទួលប្រាក់ពីដើមបណ្តឹងដោយសន្យាថា យកម៉ាសទៅលក់ឱ្យដើមបណ្ដឹង ហើយមិនមានម៉ាសប្រគល់ឱ្យដើមបណ្ដឹងពិតមែន។ ចំពោះប្រាក់ដែលខ្លួនបានទទួលពីដើមបណ្តឹងនោះ គឺខ្លួនបានយកទៅប្រគល់ឱ្យជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី និងជនត្រូវចោទឈ្មោះ អ៊ុ ស្រីល័ក្ខណ៍។

តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ដែលបានឆ្លើយនៅដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយថា ខ្លួនគឺពិតជាបានទទួលប្រាក់ពីជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ជា ប្រាក់ថ្លៃកុម្មង់ទិញម៉ាសពិតមែន។ ដោយការកម្មង់ទិញម៉ាសនោះ គឺឈ្មោះ អ៊ុ វុទ្ធទី កុម្មង់ទិញដើម្បីយកមកប្រគល់ឲ្យដើមបណ្តឹង។ នៅក្នុងរឿងនេះជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ក៏បានសងប្រាក់ទៅឱ្យ​ដើមបណ្តឹងឈ្មោះ ហៃ មុនីវីរៈសុធីតា ចំនួន៣០,០០០ដុល្លារ(បីម៉ឺនដុល្លារ) និងប្រគល់ម៉ាសចំនួន២០ កេស ស្មើនឹងប្រាក់ចំនួន២១.០០០ដុល្លារ (ពីរម៉ឺនមួយពាន់ដុល្លារ)ផងដែរ។

ជាមួយគ្នានេះ តាមយោងតាមរបាយការណ៍សំយោគលេខ០៦៧/២០ រ.ប.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំងភស្តុតាងឯកសារផ្សេងៗ គឺមានភាពស៊ីសង្វាក់គ្នាឱ្យតំណាងអយ្យការ កំណត់អង្គហេតុបានថា៖ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចរាជធានីភ្នំពេញ ពិតជាមានករណី ឆបោក មួយបានកើតឡើង ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ) , ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពិតមែន។

ទង្វើរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ដែលបានប្រព្រឹត្តគឺជាអំពើដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានហាមឃាត់ហើយ ជនត្រូវចោទជានីតិជន ដែលមានស្មារតីល្អ មានសមត្ថភាពគ្រប់គ្រាន់ ដែលច្បាប់ព្រហ្មទណ្ឌកំណត់ឱ្យ ទទួល​ខុសត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្ត។

មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់សំរាប់ដាក់បន្ទុកទៅលើជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពីបទ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០២០ បទល្មើសដែលមានបញ្ញតិនិងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

តើវាសនាអ្នកទាំង៣ នៅថ្ងៃស្អែកនិងទៅជាយ៉ាងណា ក្នុងសំណុំរឿង ឆបោក ប្រាក់ប្រមាណ៣១ម៉ឺនដុល្លាអាមេរិក ពួកគេអាចគេចផុតពីសំណាញ់ច្បាប់ដ៏ញឹកនេះដែរឬទេ? ពិសេស លោក អ៊ុ វុទ្ធទី ដែលជាប្រ​ធានកិត្តិយសសមាគមនិស្សិតចិន-កម្ពុជា និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចិន-កម្ពុជា ទៅទៀតនោះ៕