ភ្នំពេញ៖ ការរស់នៅមិនយល់អាស្រ័យអ្នកជិតខាង ដោយគិតតែប្រយោជន៍របស់ខ្លួន មិនយូរឡើយ និងមានបញ្ហាកើតឡើង ដល់ទៅមានបញ្ហា សំអាងយកត្រូវរៀងខ្លួន តែសំខាន់ច្បាប់គឺជាច្បាប់។
ករណីគិតប្រយោជន៍របស់ខ្លួន មិនខ្វល់និងប្រយោជន៍អ្នកជិតខាង ក្នុងការប្រើប្រាស់ផ្លូវចេញចូល ដែលជាផ្ទះទាល់ច្រកផ្លូវ បានកើតឡើងជាបញ្ហា ព្រោះតែម្ចាស់សំណង់ សង់ផ្ទះជួលខុសបច្ចេកទេស ក្នុងទម្រង់ដីឡូតិ៍ ពុះធ្វើជាបន្ទប់ជួលគេងចំណេញដី ដើម្បីប្រយោជន៍របស់ខ្លួន ស្ថិតនៅផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទិដ្ឋភាពជាក់ស្តែង បើមើលមួយភ្លែតរូបភាពពិតជាបោកសតិសប្បជញ្ញៈរបស់យើងជាក់ជាមិនខាន ដោយយល់ច្រឡំ ផ្ទះធំនៅក្រោយសំណង់ផ្ទះជួល១ល្វែង៤បន្ទប់ រំលោភធ្វើរបងបិទផ្លូវសាធារណៈ តែបើយើងចុះមកពិនិត្យមើលឱ្យជាក់ដល់ទីកន្លែងទើបដឹងការពិត រូបភាពនិងមិនបោកសតិសប្បជញ្ញៈរបស់យើងឡើយ។
ធ្នឹមធ្វើហើយតាមការព្រៀមព្រៀង ដូចកិច្ចសន្យានៅសាលាសង្កាត់
ភាគីលោក អ៊ុក សាខន ម្ចាស់សំណង់វាយបំផ្លាញធ្នឹមចោល រំលោភលើកិច្ចសន្យា
ការពិត គឺភាគីទាំងពីរបានព្រមព្រៀងគ្នារួចទៅហើយ តាមបណ្តឹងរបស់លោកស្រី ទេព ឆវី ស្នើសុំការជួយអន្តរាគមន៍ពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ជុំវិញករណីឈ្មោះ អ៊ុក សាខន ដែលបានសាងសង់សំណង់ជាប្រភេទផ្ទះជួល មាន៤បន្ទប់ លើផ្ទៃដីទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ដោយមិនបានទុកគម្លាតពីផ្លូវ និងបានធ្វើទ្វារផ្ទះបែរមុខមកផ្លូវទិសខាងជើង ដែលផ្លូវនេះសម្រាប់ប្រើប្រាស់តែគ្រួសាររបស់លោកស្រី និង២គ្រួសារផ្សេងទៀតប៉ុណ្ណោះ។ ដោយឡែក ឈ្មោះ អ៊ុក សាខន ស្រាប់តែមកសាងសង់ផ្ទះជួល ដោយមិនដកគម្លាតចេញពីផ្លូវ ព្រោះចង់យកផ្លូវនេះប្រើប្រាស់ជាប្រយោជន៍របស់ខ្លួនទៅវិញ។
ក្នុងពាក្យស្នើសុំអន្តរាគមន៍របស់លោកស្រី ទេព ឆវី ទៅលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏ព្រោះតែលោកស្រីព្រួយបារម្ភថា ពេលផ្ទះជួលសាងសង់រួចរាល់ អាចបង្ករជាបញ្ហាមានការចតឡាន ម៉ូតូ ឬដាក់របស់របរផ្សេងៗនៅខាងមុខផ្ទះជួលនោះ ដែលជាផ្លូវចេញចូលផ្ទះរបស់លោកស្រី និង២គ្រួសារទៀត ជាផ្ទះផ្លូវទាល់ នាំឱ្យពិបាកធ្វើដំណើរលើផ្លូវនេះ។
លិខិតលោកស្រី ទេព ឆវី ស្នើសុំអន្តរាគមន៍ទៅលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ
ក្រោយទទួលបានពាក្យស្នើសុំការអន្តរាគមន៍របស់លោកស្រី ទេព ឆវី ហើយ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈដំណោះស្រាយវិវាទ នៅសាលាសង្កាត់កាកាបទី២ ក្នុងពេលនោះលោក អ៊ុក សាខន បានបំភ្លឺចំពោះមុខអាជ្ញាធរមូលដ្ឋានថា សំណង់ផ្ទះជួលរបស់លោក បានស្នើសុំការអនុញ្ញាតសាងសង់ដល់សាលាខណ្ឌត្រឹមត្រូវ ដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ។ ប៉ុណ្ណែជាក់ស្តែងលោក អ៊ុក សាខន បានសាងសង់រហូតដល់ទំហំ៤ម៉ែត្រកន្លះ បណ្តោយ១៦ម៉ែត្រ ដែលជាដើមហេតុនៃបណ្តឹងជម្លោះនេះ។
យ៉ាងណាក្នុងកំណត់ហេតុខាងលើ ចំពោះមុខលោក ឡុង ណារ៉ា ចៅសង្កាត់រងទី១ សង្កាកាត់កាបទី២ ភាគីទាំងពីរ បានព្រមព្រៀងឯកភាពគ្នាចំនួន៣ចំណុច៖
ទី១ លោក អ៊ុក សាខន បានយល់ព្រមអោយលោកស្រី ទេព ឆវី ចាក់ធ្នឹមរបងគំលាតចេញពីជញ្ជាំងផ្ទះ ទទឹងប្រវែង៩តឹក កំពស់៦តឹក និងបណ្តោយប្រវែង១៩ម៉ែត្រ ផ្នែកជាប់និងចំណីផ្លូវ។
ទី២ លោក អ៊ុក សាខន អាចប្រើប្រាស់ផ្លូវចំហៀងធម្មតា ប៉ុន្តែមិនអាចចេញចូលតាមច្រកចំហៀងបានឡើយ ដោយចូលបន្ទប់ជួលតាមច្រកចំហៀងពីខាងមុខផ្ទះមកក្រោយ។
ទី៣ លោក អ៊ុក សាខន មិនត្រូវយករថយន្ត ម៉ូតូ មកថតនៅលើផ្លូវចំហៀង ឬយកសំលៀកបំពាក់ហាលលើផ្លូវបានឡើយ។
ដោយយោងតាមស្មារតីខាងលើ គូរភាគីសន្យាគោរពតាមខ្លឹមសារ ក្នុងកំណត់ហេតុដោយគ្មានការកែប្រែឡើយ ប្រសិនបើភាគីណាមិនគោរពតាម ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយមានការផ្តិតមេដៃជាភស្តុតាងនៃគូរភាគី រួមទាំងលោក សាំង ញ៉ មេភូមិត្រពាំងជ្រៃ ជាអ្នកដឹងឮផងដែរ។
កំណត់ហេតុ ស្តីពី ការដោះស្រាយវិវាទ នៅសាលាសង្កាត់កាកាបទី២
តែផ្ទុយទៅវិញ លោក អ៊ុក សាខន មិនបានគោរពតាមដំណោះស្រាយបញ្ចប់វិវាទខាងលើឡើយ ក្រោយភាគីលោកស្រី ទេព ឆវី ធ្វើធ្នឹមរួចរាល់ តាមការព្រមព្រៀងចំពោះមុខអាជ្ញាធរមូលដ្ឋាន ស្រាប់តែមានជនទី៣ ផ្សាយព័ត៌មាន ចោទភាគីលោកស្រី ទេព ឆវី ផ្លូវរបងរំលោភយកផ្លូវសាធារណៈទៅវិញ រហូតលោក អ៊ុក សាខន ប្រើជាងវាយបំផ្លាញធ្នឹមចោលទាំងស្រុង បើកមុខផ្លូវនៃច្រកទ្វារចេញចូលតាមផ្លូវផ្ទះរបស់លោកស្រី ទេព ឆវី ដោយរំលោភលើកិច្ចសន្យា ទាំងខ្លួនធ្វើសំណង់មិនគោរពគោលការណ៍ ខុសបច្ចេកទេស មិនទុកចំណីផ្លូវ រំលោភលើផ្លូវចេញចូលផ្ទះអ្នកជិតខាងដែលនៅជាប់ផ្លូវទាល់ថែមទៀតនោះ។
ជាការពិត ផ្លូវ១៣៧K.៦ ជាផ្លូវតូចចង្អៀត រហូតដល់ផ្លូវលំចូលទៅផ្ទះលោកស្រី ទេព ឆវី ដែលបានកសាងជួសជុលចាក់បេតុងដោយគ្រួសារលោកស្រីផ្ទាល់ ក្នុងចំងាយផ្លូវជាង៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ចំណាយថវិកាអស់ប្រមាណជាង៥លានរៀល។ ក្រោយធ្វើផ្លូវចាក់បេតុងរួចស្រួល ភាគីលោក អ៊ុក សាខន បានវាយបំបែកធ្នឹមរបស់លោកស្រី ទេព ឆវី ដោយមានការព្រមព្រៀងគ្នារួចទៅហើយនោះ មិនបានប្រាប់ និងមានការចូលរួមពីភាគីលោកស្រីឡើយ ដើម្បីបើកមុខផ្លូវផ្ទះជួលរបស់ខ្លួន ដោយចំណេញទាំងដីសល់៤ម៉ែត្រផ្នែកខាងមុខ នៃទម្រង់ដីឡូតិ៍របស់លោក។ នេះនៅមិនទាន់និយាយដល់ លិខិតលោក ប្លុង សីហៈ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានជម្រាបជូនលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយតម្រូវឱ្យភាគីលោក អ៊ុក សាខន អនុវត្តន៍តាមយន្តការច្រកចេញចូល តែមួយ របស់សាលាខណ្ឌ មុននិងដំណើរការសាងសង់ ត្រូវមានលិខិតអនុញ្ញាត លិខិតបើកការដ្ឋាន ពីអាជ្ញាធរជាមុនសិន និងតម្រូវគោរពតាមបញ្ញត្តិផ្សេងៗមួយចំនួនទៀត។ ដែលន័យនេះ បង្ហាញឱ្យឃើញយ៉ាងច្បាប់ថា លោក អ៊ុក សាខន សាងសង់សំណង់ផ្ទះជួល លើដីឡូតិ៍មួយល្វែងមាន៤បន្ទប់ គឺមិនមានលិខិតអនុញ្ញាតឡើយ។
ផ្លូវទាល់តូចចង្អៀតចេញចូលផ្ទះលោកស្រី ទេព ឆវី និង២គ្រួសារទៀត
បើតាមស្វាមីលោកស្រី ទេព ឆវី បានប្រាប់ឱ្យដឹងថា គ្រួសាររបស់លោក មិនចង់បានអ្វី ក្រៅពីផ្លូវចេញចូលផ្ទះស្រួលឡើយ ព្រោះថាផ្លូវនេះតូចចង្អៀត ហើយផ្ទះរបស់លោក ក៏នៅជាប់ផ្លូវទាល់ថែមទៀត បើមិនដោះស្រាយបញ្ហាមុនទេ នោះរឿងស្មុញស្មាញ ជម្លោះកើតឡើង និងពិបាកដោះស្រាយជាមិនខាន ក្រោយអ្វីៗចប់សព្វគ្រប់ទៅហើយនោះ។ ដូច្នេះ លោកថា បញ្ហាត្រូវតែដោះស្រាយជាមុន ដែលជាដំណោះស្រាយល្អបំផុត សម្រាប់អ្នករស់នៅជិតខាង។
ដូចនេះ រឿងគ្រប់យ៉ាង បើយោងតាមកំណត់ហេតុ ដំណោះស្រាយរបស់សង្កាត់ បង្ហាញថា បញ្ហាបង្ករឡើងដោយភាគីលោក អ៊ុក សាខន ដែលមិនគោរពតាមកិច្ចសន្យានៃដំណោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន ព្រោះតែភាពចង់បាន និងមហិច្ឆិតា ចង់ចំណេញផ្លូវចេញចូលបន្ទប់ជួលរបស់ខ្លួន៕
ផ្លូវផ្ទះលោកស្រី ទេព ឆវី មុនការជួសជុលនិងចាក់បេតុង
ផ្លូវចូលផ្ទះលោកស្រី ទេព ឆវី ពេលចាក់ថ្មត្រៀមចាក់បេតុង
សំណង់លោក អ៊ុក សាខន ពេលសាងសង់ មិនមានច្បាប់អនុញ្ញាតនៅឡើយ