លោក កឹម សុខា និងភរិយា ព្រមទាំងសហការី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

0
719

ព្រះវិហារ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមជាមួយភរិយា និងសហការី ដោយប្រកាន់ភ្ជាប់ធម៌វិន័យ ព្រះពុទ្ធសាសនា ព្រមទាំងទំនៀមទម្លាប់ ប្រពៃណីខ្មែរយើងតាំងពីបុរាណកាលមក រយៈពេល២ថ្ងៃ លោកបានអញ្ជើញ ប្រគេនទេយ្យទានព្រះសង្ឃ តាមទីវត្តអារាមមួយចំនួន។

ក្នុងដំណើរចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនិងថ្ងៃកាន់បិណ្ឌទី៦ លោក កឹម សុខា និងភរិយា ព្រមទាំងសហការី បាននាំយក ចង្កាន់ ទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា រដូវកាលកាន់បិណ្ឌនៅវត្តសសាំងធម្មរាសី ហៅ វត្ត ស្រឹង ស្ថិតក្នុងទឹកដីខេត្តកំពង់ធំ និងវត្តគិរីវនារាម ហៅ វត្ត ថ្លាន់ ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ចាម។

លុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៧ លោក កឹម សុខា និងភរិយា ព្រមទាំងសហការី បាននាំយក ទេយ្យទាន ចង្ហាន់ បច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តឥ្យសាន្តគីរីសាមគ្គីមានជ័យ ស្ថិតក្នុងទឹកដីនៃខេត្តព្រះវិហារ ប្រកបដោយទឹកចិត្តជ្រះថ្លា សម្រាប់តម្កល់ទុកក្នុងព្រះពុទ្ធសាសនា ដែលលោក កឹម សុខា និងភរិយា ព្រមទាំងសហការី តែងតែគោរពនិងប្រតិបត្តធ្វើជារៀងដ៏រាបមក។

បើតាមលោក កឹម សុខា បាន​ឱ្យដឹងថា ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ជំងឺកូវីដ១៩ នៅតែរីករាលដាលគួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវតែអនុវត្តន៍ នូវវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងជំងឺនេះដោយប្រុងប្រយ័ត្ន។ ដូច្នេះហើយ ទើបរូបលោក និងភរិយា រួមទាំងសហការី មិនអាចចូលទៅថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃក្នុងវត្តអារាមដោយផ្ទាល់ ដើម្បីប្រារព្វពិធីបុណ្យកាន់បិណ្ឌបានទេ ក៏ប៉ុន្តែរូបលោក និងភរិយា រួមទាំងសហការី បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅត្រឹមខ្លោងទ្វារវត្តតែប៉ុណ្ណោះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលបានចាកឋាន ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង​ ដែលមានជាយូរលង់ណាស់មកហើយ។

ដូចគ្នានេះ លោក កឹម សុខា ក៏ត្រូវបានគេមើលឃើញថា ជាមេដឹកនាំអហិង្សានិយម និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា បានយ៉ាងខ្ជាប់ខ្ជួន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រូបលោកតែងយកឱវាទព្រះពុទ្ធអង្គមកឃុំគ្រង និងដាក់ក្នុងចិត្តជានិច្ច រួមជាមួយសកម្មភាពរបស់លោក ពោរពេញដោយធម៌មេត្តា រហូតធ្វើឱ្យអ្នកគាំទ្រ និងអ្នក​តាមដានបញ្ហាសង្គម នយោបាយ ហៅរូបលោកថា កឹម សុខា មេដឹកនាំអហិង្សានិយម៕