កាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកប្រាសាទបាគង

0
573

សៀមរាប៖ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនឹងសហការី កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ រស់នៅក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

អំណោយដែលត្រូវប្រគល់ជូនពលរដ្ឋរងគ្រោះ ដោយការរលំផ្ទះចំនួន១គ្រួសារ ទទួលបាន អង្ករ៣០គីឡូក្រាម, មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, ទឹកត្រី១យួរ, មី១កេស, ត្រីខ១យួរ, ស័ង្កសី១៦សន្លឹក, និងថវិកា ២សែនរៀល និង គ្រួសាររបើកដំបូលផ្ទះចំនួន៤គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម , មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, ទឹកត្រី១យួរ, មី១កេស, ត្រីខ១យួរ, ស័ង្កសី១០សន្លឹក និងថវិកា ៨ម៉ឺនរៀល។

លោក លី គឹមហេង មានប្រសាសន៍ក្នុងឱកាសនោះ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ទៀ សីហា ប្រធាន​គ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលលោកតែងគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង សូមចូលរួមសោកស្តាយ ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោក លី គឹមហេង បន្តថា ចំពោះអំណោយមនុស្សធម៌ ដែលនាំយកមកប្រគល់ជូននាពេលនេះ ថ្វីត្បិតតែមានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ជាមួយគ្នានោះដែរលោក លី គឹមហេង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប #សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប #ឯកឧត្តមទៀសីហា