អភិបាលខេត្តពោធិ៍សាត់ បង្កើតអនុស្សាវរីយ៍ចុងក្រោយជាមួយអតីតយុទ្ធជនក្រីក្រ និងពិការភាពជាង៤០០គ្រួសារ មុនចាកចេញទៅកាន់តំណែងថ្មីនៅខេត្តកំពត

0
2723

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ដែលកំពុងល្បីឈ្មោះជាថ្នាក់ដឹនាំគំរូ គិតសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន មិនថាយប់ឬថ្ងៃ និងស្វែងរកដំណោះស្រាយឈ្នះៗ ក្រៅប្រព័ន្ធតុលាការទៀតនោះ មុនបញ្ចប់អាណត្តិរបស់លោកជាអភិបាលខេត្ត នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន បានបង្កើតអនុស្សាវរីយ៍ចុងក្រោយជាមួយបងប្អូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង។

ក្នុងឱកាសនោះ អតីតយុទ្ធ បានសម្តែងការសោកស្តាយអាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់លោក ម៉ៅ ធនិន ទៅកាន់តំណែងថ្មី ជាអភិបាលខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប្រចាំលោកតែងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលមានជាង៤០០គ្រួសារ នៅទីតាំងសម្បទានដីសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ អតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ក្រោយទទួលបានព័ត៌មាននៃការផ្ទេរភារកិច្ចរបស់លោក ម៉ៅ ធនិន ពួកគេពិតជាមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ព្រោះសមិទ្ឋិផល និងអ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និងកេរ្តិ៍ដំណែល ជាពិសេសចារឹកដឹកនាំដ៏ល្អប្រពៃ របស់លោក បានធ្វើឱ្យពួកគេ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និងកត់ត្រាទុក ក្នុងបេះដូងជារៀងរហូត៕