ត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រគល់បណ្ណជ័យលាភី សាលាមេត្រីបរិស្ថានជ័យលាភីសំរិទ្ធ ឆ្នាំ២០២១ ជូនសាលាបឋមសិក្សាឈើខ្លឹម ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងគណៈអភិបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមួយចំនួនផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សាលាមេត្រីបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យសហគមន៍មានការចូលរួមរៀបចំអនាម័យបរិស្ថាននៅតាមមូលដ្ឋាន និងស្មារតីការពារ អភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលា និងអ្នកពាក់ព័ន្ធបន្តប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាននៅតាមសាលារៀន និងសហគមន៍ ដើម្បីធ្វើឱ្យសហគមន៍មានអនាម័យ និង សោភ័ណភាពល្អ មានបរិស្ថានល្អ និងសុខភាពល្អ។
ដូចគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ដែលបានកំពុងអនុវត្តន៍ផែនការសកម្មភាពលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាពផងដែរ។
អនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពី សាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡា រៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤រួមមាន៖
១.មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន
២.មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថាន
៣.មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន
៤.មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំ នួន១៨។
ក្នុងពិធីនោះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានបញ្ជាក់ថាកម្មវិធីប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិរៀបចំឡើងនៅរៀងរាល់០២ឆ្នាំម្តង ហើយគិតមកទល់បច្ចុប្បន្នក្រសួងបានរៀបចំការប្រឡងប្រណាំងនេះបានចំនួន០៣លើករួចមកហើយ។
ឯកឧត្តមបន្ថែមទៀតថា ឆ្នាំ២០២១នេះ មានសាលាចំនួន៤៨ បានដាក់ពាក្យចូលរួម ហើយបន្ទាប់ពីវាយតម្លៃ មានសាលាចំនួន០៦ទៀត បានជាប់ចំណាត់ថ្នាក់ជាសាលាមេត្រីបរិស្ថានជាតិលើកទី៣ រួមមាន៖ សាលាបឋមសិក្សាចំនួន៣៖
១.សាលាបឋមសិក្សាវត្តចែង ភូមិវត្តចែង សង្កាត់អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ជ័យលាភីមាស
២.សាលាបឋមសិក្សា ហ៊ុន សែនក្រុងភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់
៣.សាលាបឋមសិក្សាឈើខ្លឹមភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាប់ជ័យលាភីសំរិទ្ធ។
ក្នុងនោះមានវិទ្យាល័យចំនួន ៣ ដូចគ្នាផងដែរ រួមមាន៖
១.វិទ្យាល័យ ហ៊ុន សែន មិត្តភាព ភូមិ៥ សង្កាត់៤ ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ជាប់ជ័យលាភីកមាស
២.វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់
៣.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តពំពង់ឆ្នាំង ជាប់ជ័យលាភីសំរិទ្ធ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata បានឧបត្ថម្ភដល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១៕