កណ្តាល៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងអហិង្សានិយម លោក កឹម សុខា បើទោះបីស្ថិតក្នុងកាលៈទេសៈនេះ រូបលោកមិនមានសិទ្ធិសេរីភាពពេញលេញក្តី តែលោកនៅតែមានទឹកចិត្តដ៏មហាធំធេង ជាមួយប្រជាពលរដ្ឋខ្មែរ ពិសេសទឹកចិត្តនៃសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
ទឹកចិត្តដ៏មហាធំធេង របស់លោក កឹម សុខា គឺរស់នៅរួមសុខ រួមទុកក្នុងប្រទេសជាតិ ជាមួយពលរដ្ឋខ្មែរអ្នកគាំទ្រ ដោយមិនចាកចេញដើម្បីប្រយោជន៍ និងក្តីសេចក្តីសុខរបស់ខ្លួន គ្រួសារ ព្រមទាំងបក្ខពួកឡើយ។ ចំណែកទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គឺបានញាំងឱ្យរូបលោក និងភរិយា ព្រមទាំងសហការី ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីនាំយកទេយ្យទាន ចង្ហាន់ បច្ច័យ ព្រមទាំងម៉ាស់រក្សាសុខភាព ប្រគេនព្រះសង្ឃតាមទីវត្តអារាមនានាក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះបានចំនួន៨វត្តហើយ។
ក្នុងនោះ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ត្រូវជាថ្ងៃកាន់បិណ្ឌទី១១ លោក កឹម សុខា និងភរិយា ព្រមទាំងសហការី បានយកទេយ្យទាន ចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា នៅវត្តពោធិ៍ ស្ថិតនៅឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងវត្តអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ខេត្តតាកែវ។
បន្ទាប់មក នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ត្រូវនិងថ្ងៃកាន់បិណ្ឌទី១២ លោក កឹម សុខា និងភរិយា ព្រមទាំងសហការី បានបន្តយកទេយ្យទាន ចង្ហាន់ បច្ច័យ ព្រមទាំងម៉ាស់ការពារសុខភាពផង ប្រគេនព្រះសង្ឃនៅវត្តមុនីរតនៈ កែវក្រសាំង ស្ថិតនៅខេត្តកែប និងវត្តដងទង់ថ្មី ស្ថិតក្នុងខេត្តកំពត។ លុះដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ លោក កឹម សុខា និងភរិយា រួមទាំងសហការី បានបន្តនាំយកទេយ្យទាន ចង្ហាន់ និងបច្ច័យ វេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃលាក់ម្ចាស់ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលសទ្ធារបស់លោក និងភរិយា ព្រមទាំងសហការី ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជនដែលលោកបានចែកឋានទៅ ទោះបីការប្រណិប័តន៍នេះនៅត្រឹមខ្លោងទ្វារវត្តក្តី។
បើតាមលោក កឹម សុខា មានប្រសាសន៍ឱ្យដឹងថា កាលៈទេសៈនេះ ជំងឺកូវីដ១៩ នៅតែរីករាលដាលក្នុងប្រទេសយើងនៅឡើយ ដែលយើងត្រូវតែប្រុងប្រយ័ត្នអនុវត្តវិធានការសុខាភិបាល។ ម្យ៉ាងទៀតបច្ចុប្បន្ន រូបលោកក៏មិនមានសិទ្ធិសេរីភាពពេញលេញ ក៏ប៉ុន្តែដោយលោក នៅតែមានទឹកចិត្តពេញលេញ សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទំនៀមទម្លាប់ប្រពៃណីខ្មែរ និង មានការនឹករលឹកចង់ជួបព្រះភ័ក្ត្រព្រះសង្ឃ និង ជួបមុខបងប្អូនជនរួមជាតិ ទើបលោក ព្យាយាមទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការនាំយកទេយ្យទាន ចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។
លោក កឹម សុខា រហូតមកដល់ពេលនេះ នៅតែជាអ្នកនយោបាយដ៏ស្មោះត្រង់ ជាមួយជាតិ និងពលរដ្ឋអ្នកគាំទ្រ ដែលជានិមិត្តរូប ស្ថិតក្នុងបេះដូងរបស់ពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ព្រោះរាល់សកម្មភាពរបស់លោក បម្រើជាយោជន៍រួមរបស់ជាតិ សាសនា និងពលរដ្ឋខ្មែរ នេះបើតាមការលើកឡើងរបស់អ្នកតាមដានបញ្ហាសង្គម និងនយោបាយកម្ពុជា៕