កំពង់ឆ្នាំង៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងជាការបង្ហាញនៃក្តីស្រលាញ់ ក្នុងនាមពលរដ្ឋខ្មែរតែមួយ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង បាននាំយកជំនួយមនុស្សធម៌ ចែកជូនដល់មណ្ឌលកុមារកំព្រារ។
ក្នុងដំណើរឆ្លងកាត់ដោយផ្លូវទឹកផងនោះ លោក ឈួន ឡាឌី ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង តំណាងលោក គូរ ដារា អនុប្រធានប្រចាំការ នៃសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ដែលមានឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស នៃសមាគម បានដឹកនាំសមាជិកនាំយកអំណោយក្នុងក្រុម និងអំណោយសប្បុរសជន ទៅចែកជូនមណ្ឌលកុមារកំព្រា ចំនួនពីរកន្លែង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពងឆ្នាំង។
ក្នុងនោះមណ្ឌលកុមារកំព្រាទី១ ត្រូវបានផ្តល់ជូនដល់មណ្ឌល ភូមិទំនប់ ដែលមានក្មេងកំព្រា ចំនួន០៨នាក់ (ស្រី៦នាក់) មនុស្សចាស់ចំនួន២នាក់ (ស្រី១នាក់) ដោយអំណោយត្រូវចែកជូនរួមមាន៖ មុង ចំនួន៤,ម៉ាស់ចំនួន១០០ម៉ាស់,ទឹកក្រូច ១យួរ,នំបុ័ងសម្លការី និងទឹកដោះគោ។
បន្ទាប់មកក្រុមការងារ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង បានបន្តដំណើរនាំយកជំនួយចែកជូនដល់មណ្ឌលកុមារកំព្រាភូមិប្រាសាទ ដែលជាមណ្ឌលទី២ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដែលក្នុងមណ្ឌលនេះ មានក្មេងកំព្រាចំនួន១៧នាក់ (ស្រី១០នាក់), មនុស្សចាស់ ចំនួន៤នាក់ (ស្រី៣នាក់) ដោយអំណោយត្រូវចែកជូនរួមមាន៖ មុងចំនួន៦, ម៉ាស់ ចំនួន១០០ម៉ាស់, អាកុល ១កាន(៣០លីត្រ), នំបុ័ងសម្លការី ,ទឹកដោះគោ រួមទាំងទឹកក្រូច ចំនួន១យួរ។
សូមជំរាបថា អំណោយខាងលើ ដោយមានការចូលរួមរបស់សប្បុរសជន ក្នុងសកម្មភាពការងារមនុស្សធម៌រួមមាន៖
១.លោក ឈួន ឡាឌី
២.លោក ឈួន ស៊ីថាន់
៣.លោក អៀ គុយម៉ុង និងបងប្អូននៅ USA
៤.លោក ណាំ រាសី តំណាងហាងបាយអង្គថ្មី និង កាហ្វេលោកឳពុក
៥.លោក ចាន់ ទីណូ
៦.លោក គាវ សុខ
៧.លោកស្រី ឆាយ គឹមអៀង
៨.លោក ជិន រិទ្ធី
៩លោក ស៊ឹម កុសល
ជាមួយគ្នានោះ លោក ឈួន ឡាឌី ក្នុងនាម ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ប្អូនៗកុមារកំព្រាទាំង២មណ្ឌល រួមទាំងប្រធានមណ្ឌលផង សូមថែរក្សាសុខភាពឱ្យបានល្អ និង ចូលរួមអនុវត្តតាមវិធានការរបស់ប្រមុខរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍យើងទាំងអស់គ្នា៕