រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះ ថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប

0
1077

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយច្បាប់ទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវ​ជ្រាវ​ជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិត​ឆ្លង​ដែនស៊ីប ឬសញ្ជាតិស៊ីប។

តាមលិខិត របស់ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន លិខិតឆ្លងដែននៃសាធា​រ​ណ​​រដ្ឋស៊ីប។

លោក កើត រិទ្ធ លើកឡើងក្នុងលិខិតខាងលើថា «ខ្ញុំសូមបញ្ជាក់ជូន លោកជំទាវរដ្ឋមន្ត្រី មេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបាន​ដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង២ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជន កម្ពុជា និងប្រទេសកម្ពុជា»។

លោកបានបញ្ជាក់ទៀតថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជា សាធារណៈជាច្រើនលើកច្រើនសារចំពោះមុខប្រជាជនកម្ពុជា នូវ គោលជំហរនយោបាយឥតងាករេ គឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិន រត់ចោលប្រ​ជា​​ជនកម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ ដោយទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ និងការស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ប្រជាជនកម្ពុជា, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើស ខាងលើនេះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល»។

ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ទៀតថា អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំកិច្ចសហការពី លោកជំទាវរដ្ឋមន្ត្រី មេត្តាស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ដូចដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយ ដើម្បីបញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជន និងប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ដើម្បីធានារក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕