ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសប្បាយរីករាយដោយការជួបជុំក្នុងឱកាសឈប់សម្រាកពីធីបុណ្យភ្ជុំបិណ្ឌ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយ ក្រុមណានោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន៍ ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន។
ការលើកឡើងរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រោយលោកស្រី បានឃើញរូបភាពដើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក លោកស្រីមានការបារម្ភយ៉ាងខ្លាំង នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករពេកហើយ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមានៈចង់ចូលទៅលេងទឹក ឬកំសាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្តវិធានការការពារខ្លួននេះឯង។ លោកស្រីថា តាមរូបភាពដែលលោកស្រីបានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា ជាការពិតហើយ ដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន ក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយើងមានតែមួយគត់ បើស្លាប់បាត់ទៅ តើការសប្បាយតែមួយភ្លែត ឬមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដដើម្បីស្វែងទៅរកការកំសាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកំសាន្តសប្បាយរបស់យើង ចាំបាច់ត្រូវធ្វើតាមបែប “សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” ទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។
ជាមួយគ្នានោះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានក្រើនរំលឹកហើយរំលឹកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកំសាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន រូមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។ ត្រូវចេះជួយដាស់តឿនគ្នា រំលឹកគ្នាទៅវិញទៅមក ក្នុងពេលដើរកំសាន្ត នូវក្បួនការពារខាងលើនេះ ជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា។ យ៉ាងណាលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន មិនភ្លេចឡើយនូវការជូនពរបងប្អូនប្រជាពលរដ្ឋ សុខភាពល្អ ចៀសផុតការចម្លងរោគកូវីដ-១៩ ចង្រៃ គ្រប់ៗគ្នា៕