រយៈពេល២ថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៍ដើរកម្សាន្តជាង៤២ម៉ឺននាក់

0
847

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្វធ្វើជារៀងរាល់ឆ្នាំ តាំងពីដូនតាមករហូតដល់ពេលបច្ចុប្បន្ន និងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាបការងាររយៈពេល៣ថ្ងៃដូចពិធីបុណ្យចូលឆ្នាំថ្មីដែរ។

ក្នុងនោះ នៅឆ្នាំនេះ បើទោះបីជាប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩ក្តី តែភ្ញៀវទេសចរណ៍អាចដំណើរកំសាន្តបានតាមទីរមនីយដ្ឋាននានា ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការថែរក្សាសុខភាព ពិសេស៣កុំ និង៣ការពារ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល។

ដូចគ្នានេះ បើយោងតើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា តាមការបូកសរុបរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍ រាជធានី ខេត្តបានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទីពីរនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ២៧១,៤២៨នាក់ ក្នុងនោះមានភ្ញៀវជាតិ ២៦៩,៥១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១,៩១៥ នាក់។ ប្រសិនបើសរុបរយៈពេល២ថ្ងៃ ភ្ញៀវសរុបមានចំនួន ៤២០,៤៤១នាក់។

ក្រសួងបន្តថា ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃភ្ជុំបិណ្ឌនេះ រួមមាន៖ ខេត្តកំពត ៣៦,៧៤៨ នាក់/ខេត្តកែប ៣៣,៧១៧នាក់/ខេត្តព្រះសីហនុ ៣២,២៧២នាក់/ខេត្តពោធិ៍សាត់ ២៦,៥៦០នាក់/ខេត្តបាត់ដំបង ១៩,១៣៨នាក់/ខេត្តកំពង់ចាម ១៨,៥៦៤នាក់/ខេត្តកំពង់ស្ពឺ ១៤,៨៥៤នាក់/ខេត្តសៀមរាប ១២,០៩៦នាក់។

ក្រសួងបន្តថា តួលេខនេះ មានការកើនឡើងប្រមាណ៨២.១៥% ធៀបនឹងថ្ងៃទី១ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ចរន្តភ្ញៀវនាថ្ងៃភ្ជុំបិណ្ឌនេះមានសន្ទុះខ្លាំង ដោយគោលដៅទេសចរណ៍ទូទាំងប្រទេស បានទទួលស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងយ៉ាងផុសផុល ពិសេសតំបន់ឆ្នេរសមុទ្រ មានខេត្តកំពត កែប និងខេត្តព្រះសីហនុ និងភាគពាយព្យ និងភាគខាងជើង មានដូចជាខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប រួមជាមួយខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាមជាដើម (លើកលែងតែខេត្តកំពង់ឆ្នាំងដែលបន្តផ្អាកដំណើរការរមណីយដ្ឋាន)។

ទន្ទឹមនឹងចរន្តភ្ញៀវទេសចរទូទាំងប្រទេស គោលដៅទេសចរណ៍មួយចំនួនតូចមានការកកកុញភ្ញៀវទេសចរច្រើន ដូចជារមណីយដ្ឋានអន្លង់ជ្រៃ ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលហួសសមត្ថភាពផ្ទុកអតិបរមា និង​ខុសពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP)។ ករណីយនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ រដ្ឋបាលស្រុកពញ្ញាក្រែក បានសម្រេចនាល្ងាចថ្ងៃពុធផ្អាករមណីយដ្ឋានអន្លង់ជ្រៃនេះជាបណ្តោះអាសន្នសិន រង់ចាំការរៀបចំគ្រប់គ្រងឲ្យបានល្អប្រសើរឡើងវិញសិន។

ចំពោះគោលដៅផ្សេងៗ ដូចជាឆ្នេរខ្សាច់កម្សាន្តនៅខេត្តកែប និងបណ្តាខេត្តនានា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ ក៏បានកំពុងខិតខំប្រឹងប្រែងអប់រំណែនាំដល់ភ្ញៀវទេសចរ និងអាជីវករ ឲ្យចូលរួមអនុវត្តវិធាការ «៣កុំ និង ៣ ការ​ពារ» និងវិធានសុវត្ថិភាពទេសចរណ៍ និង SOP និងបញ្ជៀសការជួបជុំទ្រង់ទ្រាយធំកកកុញមនុស្សច្រើន។

ពាក់ព័ន្ធការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ តម្លៃសេវា និងម្ហូបអាហារ និងបរិស្ថាន អនាម័យជាដើម ពុំមានបញ្ហាធំដុំចោទឡើងក្នុងរយៈពេល២ថ្ងៃនេះ ដោយរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានសហការចុះអប់រំណែនាំ និងប្រចាំការនៅតាមទីតាំងសំខាន់ៗ៕