ភ្នំពេញ៖ ដោយក្តីលោភលន់ខ្ពស់ហួសប្រមាណ ស្មានតែម្ចាស់គេមិនដឹង ដីទំហំទទឹង២០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោកស្រី ហ៊ុន ចន្ធី ត្រូវបានជនមិនស្គាល់មុខ លបលួចចាក់ដី និងកម្ទេចថ្ម រំលោភយកទាំងភ្នែកស្រស់ ខណៈដីនេះ នៅជាប់កន្ទុយគ្នាជាមួយដីលំនៅដ្ឋានរបស់លោកស្រី។
ចិត្តមហិមា លោភលន់របស់ជនខាងលើ ចង់ស៊ីដីលោកស្រី ហ៊ុន ចន្ធី ខណៈពេលតម្លៃដីនៅតំបន់នេះ កំពុងហក់ឡើងខ្ពស់ ដោយឃើញដីថ្លុក ដុះអមដោយស្មៅខ្ពស់ ត្រាវ និងរុក្ខជាតិរស់អាស្រ័យលើទឹកបន្តិចបន្ទួច ងាយកាប់និងចាក់ដីលុបផងនោះ ទើបជនមិនស្គាល់មុខនេះ ឆក់យកឱកាស ដែលម្ចាស់មិនទាន់សំអាត ឃើញទំហំធំល្អ ក៏ស្រវ៉ាទាំងបំពានព្រោះនឹកស្មានថា ម្ចាស់គេមិនហ៊ានចេញមុខតវ៉ា ក្នុងនាមជាស្រ្តីមេម៉ាយ តែអ្វីដែលឆោមឆាយប្រុសស្រីថ្លៃ កំពុងគិតនោះគឺវាខុសស្រឡះ។
មលោកស្រី ហ៊ុន ចន្ធី
ខុសស្រឡះ ក៏ព្រោះតែស្រ្តីមេម៉ាយ ហ៊ុន ចន្ធី វ័យ៥៣ឆ្នាំរូបនេះ មិននៅស្ងៀមឡើយ ក្រោយដឹងជនល្មោភដី ចាក់ដីបំពានយកដីរបស់ខ្លួន ដែលបានកាន់កាប់ប្រើប្រាស់តាំងពីឆ្នាំ១៩៨៣ រហូតមកដល់បច្ចុប្បន្ន ទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ កំពុងស្វែងរកការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយមានទាំងសាក្សីរស់ដឹងឮនិងបញ្ជាក់ថាលោកស្រី ពិតជាបានរស់នៅនិងកាន់កាប់ដីនេះរយៈពេលជាង៣០ឆ្នាំមកហើយ។
បើតាមលោកស្រី ហ៊ុន ចន្ធី បានប្រាប់ឱ្យដឹងថា គ្រាដែលលោកស្រីមិននៅផ្ទះ មានជនមិនស្គាល់មុខបានលបលួចកាប់ព្រៃ និងចាក់ដីរំលោភយកដីរបស់លោកស្រីដោយមានព្រំជាប់របងអ្នកភូមិត្រឹមត្រូវរួចទៅហើយនោះ។ លោកស្រី ហ៊ុន ចន្ធី បន្ថែមថា ដីខាងលើនេះ លោកស្រីត្រូវបានអង្គភាពសាលាជើងគោកនាយទាហ៊ានសកម្ម ចែកឱ្យមុនផ្លាស់ទៅថ្មាតពងកាលជំនាន់លោកឧត្តមសេនីយ៍ត្រី សេក យោន នាយករងសាលាទ័ពជើងគោក និងត្រូវជាបងថ្លៃរបស់ខ្លួន ដោយនាយទាហានច្រើនគ្រួសារទៀត ក៏ទទួលពីលោកឧត្តមសេនីយ៍ត្រី សេក យោន កាលពីពេលនោះដូចគ្នា។
ជាមួយគ្នានេះ បើតាមសាក្សីរស់ អ្នកមីង ភោគ សារុន វ័យ៧០ឆ្នាំ បានប្រាប់ឱ្យដឹងផងដែរថា ចាប់តាំងពីអ្នកមីងចូលមករស់នៅតំបន់ខាងលើ តាំងពីឆ្នាំ១៩៨០ជាង តំបន់អតីតស្ថាននីយ៍រថភ្លើងពោធិ៍ចិនតុងនេះ គឺឃើញលោកស្រី ហ៊ុន ចន្ធី រស់នៅលើដីខាងលើបាត់ទៅហើយ ដោយមានទាំងប្រកបរបរជាអ្នកលក់បារី និងលក់អុស នៅស្ថាននីយ៍រថភ្លើងពោធិ៍ចិនតុងនេះថែមទៀត និងថាបងថ្លៃរបស់លោកស្រី ហ៊ុន ចន្ធី លោកឧត្តមសេនីយ៍ត្រី សេក យោន ពិតជាបានចែកដីខាងលើឱ្យពិតប្រាកដមែន។
អ្នកមីង ភោគ សារុន
លោកស្រី សោម ស៊ីធឿន វ័យ៣០ឆ្នាំ ត្រូវជាកូនស្រីលោកស្រី ហ៊ុន ចន្ធី បានប្រាប់ថា ចាប់តាំងពីរូបនាងកើតចេញពីឧទ្ទរម្តាយមក រហូតដល់ធំដឹងក្តី គឹរស់នៅលើដីនេះជារហូតមក។លោកស្រីបន្ថែមថា មានថ្ងៃមួយ ជនមិនស្គាល់មុខបានចូលមកកាប់ស្មៅព្រៃ លោកស្រីគិតថាគេចូលមកកាប់ស្មៅធម្មតា តែក្រោយមានការចាក់ដី កម្ទេចថ្មលុបយកដី ទើបលោកស្រីដឹង គឺក្រោយសកម្មភាពជនបំពាននោះធ្វើរួចទៅហើយ ពេលដែលលោកស្រីដើរមកមើលដី ខណៈខ្លួនរវល់លក់ដូរនៅខាងមុខផ្ទះជាប់ផ្លូវធំ។
លោកស្រី សោម ស៊ីធឿន
រីឯលោកស្រី សោម សុន្ធា វ័យ៣១ឆ្នាំ ត្រូវជាកូនលោកស្រី ហ៊ុន ចន្ធី ដែរនោះ ក៏បានប្រាប់បញ្ជាក់ឱ្យដឹងបន្ថែមថា រូបនាងបានចាប់កំណើតនៅឆ្នាំ១៩៩០ គឺរស់នៅលើដីនេះរហូតដល់ពេលបច្ចុប្បន្នជាមួយម្តាយ និងបងប្អូន តែកាលពីពេលកន្លងមកថ្មីៗនេះ មានជនមិនស្គាល់មុខបានចូលមកលួចចាក់ដី កម្ទេចថ្មរំលោភយកដីរបស់ម្តាយខ្លួន ដែលមានព្រំរបងត្រឹមត្រូវរួចទៅហើយ មានក្បាលដី២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ដោយម្តាយមិនទាន់ធ្វើប័ណ្ណកាន់កាប់នៅឡើយ។ ដូចគ្នានេះ លោកស្រី សោម សុគន្ធា ក៏បានស្នើសុំឱ្យអាជ្ញាធរ ជួយអន្តរាគមន៍ លើដីម្តាយដែលត្រូវជនមិនស្គាល់មុខចាក់បំណងរំលោភបំពានយកនេះ មេត្តាចុះពិនិត្យជាក់ស្តែង និងបញ្ជាក់ប័ណ្ណកាន់កាប់ជូនម្តាយរបស់ខ្លួន។
លោកស្រី សោម សុន្ធា
ព្រមជាមួយគ្នានេះ លោកស្រី ហ៊ុន ចន្ធី ក៏បានស្នើសុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ សូមជួយរកយុត្តិធម៌ជូនលោកស្រីផង ដែលដីរបស់ខ្លួន ត្រូវបានជនមិនស្គាល់មុខលបលួចចាក់ដីលុបរំលោភយក ដោយលោកស្រីបារម្ភខ្លាចជននោះលួចធ្វើប្លង់យកដីរបស់ខ្លួន ដែលមានក្បាលដីទំហំ២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ដែលលោកស្រីមិនទាន់ស្នើបញ្ជាក់ប័ណ្ណកម្មសិទ្ធិនៅឡើយ ដោយសំអាងថាដីរបស់ខ្លួនទៅហើយនោះ។
យ៉ាងណា បើយោងតាមលិខិតចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ របស់លោក វរសេនីយ៍ឯក ម៉ុក សាលី នាយការិយាល័យបុគ្គលិក អង្គភាពសាលានាយទាហានសកម្មអតីត សាលាទ័ពជើងគោក បានធ្វើលិខិតបញ្ជាក់ និងដឹងឮថា កាលពីឆ្នាំ១៩៨៦ លោកឧត្តមសេនីយ៍ត្រី សេក យោន នាយករងសាលាទ័ពជើងគោក បច្ចុប្បន្នបានពលីជីវិតទៅហើយ បានប្រគល់ដីមួយកន្លែងជាប់ស្រះទឹកទំហំ២០ម៉ែត្រ គុណនិង៦០ម៉ែត្រ ឱ្យទៅអ្នកស្រី ហ៊ុន ចន្ធី និងលោក សោម ចាន់ ត្រូវជាប្អូនថ្លៃ។
ក្នុងលិខិតបញ្ជាក់របស់លោក វរសេនីយ៍ឯក ម៉ុក សាលី បន្តថា ដីត្រពាំងស្រះនោះមានទីតាំងនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ផ្លូវលេខ២០០៥ ហើយបានចាក់ដីលុបបំពេញកាលពីឆ្នាំ១៩៩១។
លោក វរសេនីយ៍ឯក ម៉ុក សាលី បញ្ជាក់ទៀតថា ដីនោះកាលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាព សាលាទ័ពជើងគោក ហើយ ឯកឧត្តម សេក យោន ជានាយករង បានប្រគល់ដីនេះពិតមែនអោយទៅប្អូនថ្លៃគាត់។ តែអកុសល់ ឯកឧត្តម សេក យោន បានពលីកាលពីឆ្នាំ២០១០ទៅហើយ។ ដោយក្នុងលិខិតបញ្ជាក់ខាងលើរបស់លោក វរសេនីយ៍ឯក ម៉ុក សាលី នាយការិយាល័យបុគ្គលិក អង្គភាពសាលានាយទាហានសកម្មអតីត សាលាទ័ពជើងគោក មានការបញ្ជាក់ទទួលស្គាល់ដឹងឮពី ឧត្តមសេនីយ៍ត្រី គឹម ដេត នាយករង អង្គភាពសាលានាយទាហានសកម្មពិតប្រាកដមែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២។
សូមបញ្ជាក់ថា ដីទំហំទទឹង២០ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ដូចក្នុងលិខិតបញ្ជាក់របស់ លោក វរសេនីយ៍ឯក ម៉ុក សាលី នាយការិយាល័យបុគ្គលិក អង្គភាពសាលានាយទាហានសកម្ម អតីតសាលាទ័ពជើងគោក គឺលោកស្រី ហ៊ុន ចន្ធី បានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់រួចរាល់ហើយ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤។ ដោយឡែកដីដែលត្រូវជនមិនស្គាល់មុខកំពុងចាក់កម្ទេចថ្ម រំលោភយកនេះ លោកស្រីនៅមិនទាន់ធ្វើលិខិតស្នើសុំកាន់កាប់នៅឡើយទេ ដោយកាលណោះលោកស្រីខ្វះខាតថវិកា និងសំអាងថាជាដីរបស់ខ្លួនទៅហើយ ក៏ទុករហូតមកដល់ពេលបច្ចុប្បន្ន និងត្រូវជនមិនស្គាល់មុខចាក់រំលោភបំពានដូច្នេះ ទើបលោកស្រីស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយអន្តរាគមន៍ និងចេញលិខិតបញ្ជាក់ជូនលោកស្រីតាមផ្លូវច្បាប់ ដើម្បីជៀសវៀងជនខាងលើ លួចធ្វើប័ណ្ណកម្មសិទ្ធិលើដីរបស់លោកស្រី ដែលបានកាន់កាប់រយៈពេលជាង៣០កន្លងមកហើយនោះ៕