ទីបំផុត អ្នកចាក់ដី និងកម្ទេចថ្ម លើដីលោកស្រី ហ៊ុន ចន្ធី ចេញមុខហើយ អមដោយឯកសារកាន់ក្នុងដៃ

0
1250

ភ្នំពេញ៖ ទីបំផុតទៅ អ្នកចាក់ដី និងកម្ទេចថ្ម លើដីលោកស្រី ហ៊ុន ចន្ធី បានចេញមុខហើយ គ្មានអ្នកណាក្រៅតែអ្នកជិតខាងភូមិផងរបងជាមួយគ្នានោះឡើយ។

ការចេញមុខ របស់ភាគីអ្នកចាក់ដី ក្រោយប្រត្តិបត្តិខ្លាំងៗរបស់លោកស្រី ហ៊ុន ចន្ធី ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយរកយុត្តិធម៌ជូនលោកស្រី ខណៈដីរបស់ខ្លួន ត្រូវបានជនមិនស្គាល់មុខលបលួចចាក់ដី និងកម្ទេចថ្ម គ្រាដែលលោកស្រីមិននៅផ្ទះក្នុងអំឡុងឆ្នាំ២០២១នេះ។

ដីលោក អ៊ឹង សម្បត្តិ ចាក់ដី និងកម្ទេកថ្មលើ ដោយសំអាងជាដីកម្មសិទ្ធិរបស់លោក

ទីតាំងដីខាងលើ ស្ថិតនៅក្រុមទី១០ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលលោកស្រី ហ៊ុន ចន្ធី បានកាន់កាប់តាំងពីឆ្នាំ១៩៨៣មក មានក្បាលទទឹង២០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ ហើយបានធ្វើលិខិតផ្ទេរសិទ្ធិនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ លើលិខិតលេខ៤៤៣១ ប.ជ ចុះហត្ថលេខា និងប្រថាប់ត្រាទទួលស្គាល់ ដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លើផ្ទដីទំហំ១០៥០ម៉ែត្រការ៉។ចំណែកកន្ទុយដី ដែលមានទំហំក្បាល២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ លោកស្រីមិនទាន់បានធ្វើលិខិតបញ្ជាក់កម្មសិទ្ធិកាន់កាប់នៅឡើយទេ ដោយសំអាងថាជាដីរបស់ខ្លួនទៅហើយ។

ការមិនទាន់ធ្វើលិខិតបញ្ជាក់កម្មសិទ្ធិនេះ​ បានធ្វើឱ្យក្លាយទៅជារឿងវិវាទកើតឡើង ព្រោះតែគាគីអ្នកចាក់ដី លើដីរបស់ខ្លួន គឺលោក អ៊ឹង សម្បត្តិ ចេញមុខតវ៉ាថា ជាដីរបស់លោក ដែលទទួលបានមរតកពីឪពុក ឈ្មោះ អ៊ឹង ចំរើន បច្ចុប្បន្នទទួលមរណភាពទៅហើយនោះ។

ជាមួយគ្នានេះ បើយោងតាមលិខិតបញ្ជាក់របស់លោក សេង សាខុន មេភូមិតាងួន លេខ០៨/១៤ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា ដីសង់ផ្ទះមួយកន្លែង ទំហំ៣១២,៥០ម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងជើងទល់ផ្លូវរថភ្លើង កាត់៣០ម៉ែត្ររួច ខាងកើតទល់និងដី សោម ចាន់ ដែលជាប្តីលោកស្រី ហ៊ុន ចន្ធី និងកំពុងគ្រប់គ្រងបច្ចុប្បន្ន ខាងត្បូងទល់និងដី យោក ស៊ុំ និងខាងលិចទល់ដី អ៊ឹង សម្បត្តិ ស្ថិតនៅក្រុមទី១០ ភូមិតាងួន សង្កាត់កាកាប ដែលមានឈ្មោះ អ៊ឹង ចំរើន និងឈ្មោះ សុខ ង៉ូយ ផ្ទេរទៅឱ្យឈ្មោះ អ៊ឹង សម្បត្តិ។

លិខិតផ្ទេរសិទ្ធិរបស់លោក អ៊ឹង ចំរើន ឱ្យទៅលោក អ៊ឹង សម្បត្តិ ឆ្នាំ២០១៤ ដែលលោកស្រី ហ៊ុន ចាន់ ចន្ធី បដិសេធ មិនទទួលស្គាល់

លុះរយៈពេល២ខែក្រោយមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ លោក អ៊ឹង សម្បត្តិ បានធ្វើលិខិតអះអាងមួយទៀត ដែលមានលោក សេង សាខុន មេភូមិតាងួនគ្រានោះដ៏ដែល មិនត្រឹមតែស៊ីញ៉េបញ្ជាក់ និងទទួលស្គាល់ទេ ក្នុងនាមជាអាជ្ញាធរ ថែមទាំងផ្តិតមេដៃធ្វើជាសាក្សី បោះត្រាឈ្មោះឱ្យលោក អ៊ឹង សម្បត្តិ ទៀត លើដីទំហំ១៤៧,៥០ម៉ែត្រការ៉េ ដែលសំអាងថា លោក អ៊ឹង សម្បត្តិ ពិតជាបានកាន់កាប់ដីសង់ផ្ទះខាងលើ តាំងពីឆ្នាំ១៩៨២ ដែលរដ្ឋចែកឱ្យ មានព្រំប្រទល់ខាងជើង ទល់និងផ្លូវរថភ្លើង កាត់៣០ម៉ែត្ររួច ខាងត្បូងទល់និងដី យោក ស៊ុំ ខាងកើតទល់និងដី អ៊ឹង ចំរើន និង ខាងលិចទល់ដី អ៊ឹង អ៊ួន។

លិខិតអះអាងលោក អ៊ឹង សម្បត្តិ ដីមួយកន្លែងទៀត ដែលមេភូមិ ស៊ីញ៉េទទួលស្គាល់ និង ផ្តិតមេដៃជាសាក្សី ហើយមិនមានតែតរបស់រដ្ឋបាលសង្កាត់

យ៉ាងនេះក្តី បើតាមការពិនិត្យលើខ្លឹមសារលិខិត ដោយមានការបញ្ជាក់របស់លោកមេភូមិតាងួនឈ្មោះ សេង សាខុន ខាងលើ ហាក់មានការប្រទាក់ក្រឡាគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺត្រង់ចំណុច លិខិតអះអាងរបស់លោក អ៊ឹង សម្បត្តិ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ដោយលោក សេង សាខុន ស៊ីញ៉េបញ្ជាក់ផង និងផ្តិតមេដៃ បោះត្រាឈ្មោះ ធ្វើជាសាក្សីផង ដែលតាមអ្នកច្បាប់បានលើកឡើងថា ជាលិខិតដែលមានលក្ខណៈមិនប្រក្រតី ព្រោះមេភូមិ មិនអាចស៊ីញ៉េបញ្ជាក់ទទួលស្គាល់ផង និងផ្តិតមេដៃធ្វើសាក្សីផង លើលិខិតតែមួយដូចនេះឡើយ ហើយលិខិតនោះទៀតសោត ក៏មិនមានលក្ខណៈទម្រង់ជាលិខិតរដ្ឋបាលថែមទៀត។

ជាមួយគ្នានេះ លោកស្រី ហ៊ុន ចន្ធី ទោះប្រឈមនិងការជម្រេញជជីគសួរក្នុងន័យផ្ចាញ់ផ្ចាលរបស់អ្នកសារព័ត៌​មាន ពេលកំពុងឡាយផ្ទាល់ក្តី លោកស្រីនៅតែប្រកានគោលជំហរដោយអង់អាចក្លាហានក្នុងនាមម្ចាស់ដីថា ដីទីតាំងខាងលើនេះ គឺលោកស្រីទទួលបានពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សេក យោន អតីតនាយករងសាលាទ័ពជើង​គោក ដោយមានលិខិតបញ្ជាក់ របស់លោក វរសេនីយ៍ឯក ម៉ុក សាលី នាយការិយាល័យបុគ្គលិក អង្គភាពសាលានាយទាហានសកម្ម អតីតសាលាទ័ពជើងគោក និងមានការបញ្ជាក់ទទួលស្គាល់ពីលោក ឧត្តមសេនីយ៍ត្រី គឹម ដេត នាយករងសាលានាយទាហានសកម្ម អតីតសាលាទ័ពជើងគោក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ពិតប្រាកដមែន។

លោកស្រី ហ៊ុន ចន្ធី បញ្ជាក់ជូនអ្នកសារព័ត៌មាន និងរក្សាជំហរ ដីខាងលើលោកស្រីទទួលបានពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សេក យោន ដែលមិនទាន់ធ្វើប័ណ្ណកាន់កាប់

ដូចគ្នានេះ ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ត្រី សេក យោន គឺលោកស្រី ហ៊ុន ដានី ត្រូវជាបងស្រីរបស់លោកស្រីហ៊ុន ចន្ធី ក៏បានសញ្ជាកថា ស្វាមីរបស់លោកស្រី ពិតជាបានប្រគល់ដីទំហំក្បាលទទឹង២០ម៉ែត្រ បណ្តោយ៩០ម៉ែត្រឱ្យលោកស្រី ហ៊ុន ចន្ធី ពិតប្រាកដមែន ដោយលោកស្រីជាសាក្សីរស់ និងមិនទទួលស្គាល់ឯកសារដែលភាគីលោក អ៊ឹង សម្បត្តិ មានក្នុងដៃនោះឡើយ។

ចំណែកលោកស្រី ហ៊ុន ចន្ធី ក៏បញ្ជាក់មិនទទួលស្គាល់ឯកសារលិខិបញ្ជាក់ផ្ទេរសិទ្ធិកាន់កាប់ដីរបស់លោក អ៊ឹង សម្បត្តិ ដូចគ្នា ព្រោះការធ្វើឯកសារនេះ ភាគីលោកស្រីមិនបានដឹងឮ ហើយថាលោក អ៊ឹង សម្បត្តិ ជាអង្គភាពរថភ្លើង ហេតុអ្វីមករំលោភយកដីរបស់អង្គភាពទ័ពជើងគោក។

លោកស្រីបន្តថា ករណីវិវាទដីនេះ មិនមែនទើបកើតឡើងថ្មីៗនេះឡើយ គឺលោក អ៊ឹង ចំរើន ឪពុកលោក អ៊ឹង សម្បត្តិ បានចូលមករំលោភយកដីលោកស្រីតាំងពីឆ្នាំ១៩៩៩មកម្លេះ​ និងបញ្ចប់រួចរាល់ក្នុងឆ្នាំដដែល ដោយមានការដឹងឮពីអតីតមេភូមិ និងមេឃុំចាស់ ជំនាន់នោះ ដែលជាអ្នកចង្អុលបង្ហាញជាក់ស្តែងលើទីតាំងដី និងតម្រូវឱ្យលោក អ៊ឹង ចំរើន បញ្ចប់ការរំលោភបំពានយកដីរបស់លោកស្រី ហើយស្រាប់តែនៅឆ្នាំ២០២១នេះ ក៏មានការទន្ទ្រានជាថ្មី ដោយលោក អ៊ឹង សម្បត្តិ ចេញមុខអះអាងថា ជាដីរបស់ខ្លួន ទទួលបានការផ្ទេរសិទ្ធិពីឪពុក អ៊ឹង ចំរើន នៅឆ្នាំ២០១៤។

លោកស្រី ហ៊ុន ចន្ធី និងលោកស្រី ហ៊ុន ដានី ភរិយា ឯកឧត្តម សេក យោន ឡើងមកធ្វើជាសាក្សី ឱ្យលោកស្រី ហ៊ុន ចន្ធី

យ៉ាងណាក៏ដោយចុះ ករណីវិវាទបានកំពុងកើតឡើង មិនទាន់ទាំងបានដោះស្រាយផង ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ភាគីលោក អ៊ឹង សម្បត្តិ បាននាំគ្នាធ្វើសកម្មភាពសាងសង់ផ្ទះឈើ មានលក្ខណៈមិនទាន់រឹងមាំនៅឡើយ លើទីតាំងដីទំនាស់នោះ ដោយគ្មានការជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានភូមិថែមទៀត។

ការមិនជូនដំណឹង នៃការសាងសង់នេះ លោក រដ្ឋ ផល្លី មេភូមិតាងួន ក៏ទទួលស្គាល់ដូចគ្នា តែយ៉ាងណា លោកថាភាគីលោក អ៊ឹង សម្បត្តិ មានលិខិតកាន់កាប់នៅឆ្នាំ២០១៤ ដែលផ្ទេរសិទ្ធិដោយលោក អ៊ឹង ចំរើន ជាឪពុក និងមានការស៊ីញ៉េរទទួលស្គាល់ដោយចៅសង្កាត់កាកាបទី១។

ភាគីលោក អ៊ឹង សម្បត្តិ សាងសង់សំណង់ លើដីវិវាទនៅព្រឹកថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១

លោកថា ភាគីលោកស្រី ហ៊ុន ចន្ធី មិនមានឯកសារឡើយ ហើយសាក្សីជាបងស្រីរបស់ខ្លួនទៀត លោកស្នើឱ្យលោកស្រី ហ៊ុន ចន្ធី យកឯកសារមកដាក់លើតុ ជជែកគ្នា រឿងដីទ័ពចែកឱ្យមិនអាចយកជាការបានទៀតទេ ព្រោះពេលនេះច្បាប់តម្រូវលើលិខិតកាន់កាប់។

ភាគីលោក អ៊ឹង សម្បត្តិ សាងសង់សំណង់ លើដីវិវាទនៅព្រឹកថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១

យ៉ាងណា ការសំអាង និងលើកហេតុផល របស់អាជ្ញាធរមិនខុសឡើយ សំខាន់រក្សីរស់ និងដីតំបន់ខាងលើជាង១ហិតា សុតតែជាដីដែលទទួលបានដោយការផ្តល់ជូនពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សេក យោន កាលជំនាន់នោះ ហើយដីតំបន់ខាងលើ មានពីរអង្គភាព គឺអង្គភាពសាលាទ័ពជើងគោក និងអង្គភាពរថភ្លើង។ ដូច្នេះបើតាមប្រវត្តិដី គឺអង្គភាពទាំងពីរខាងលើ មានការបែងចែងព្រំប្រទល់​ច្បាប់លាស់ មិនអាចអង្គភាពមួយ មករំលោភលើដីរបស់អង្គភាពមួយទៀតបានទេ ឬ អាចនិយាយម្យ៉ាងទៀតថា ទឹកទន្លេ មិនអាចរំលោភទឹកសមុទ្រ បានឡើយ។

ភាគីលោក អ៊ឹង សម្បត្តិ សាងសង់សំណង់ លើដីវិវាទនៅព្រឹកថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១

ក្នុងនោះ ចំពោះភាគីលោកស្រី ហ៊ុន ចន្ធី ដែលអាជ្ញាធរភូមិ អះអាងថាគ្មានឯកសារបញ្ជាក់លើដីទំនាស់ខាងលើ ខុសពីលោក អ៊ឹង សម្បត្តិ មានឯកសារក្នុងដៃ​ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានដាក់ពាក្យបណ្តឹងចូលទៅសាលាសង្កាត់កាកាបទី១ រួចរាល់ហើយ ដើម្បីឱ្យលោកចៅសង្កាត់ ជួយរកយុត្តិធម៌ជូនលោកស្រី និងបញ្ជាក់លិខិតកាន់កាប់លើដីទំហំក្បាល២០ម៉ែត្រ បណ្តោយ៣០ ម៉ែត្រ ដែលលោកស្រីបានកាន់កាប់តាំងពីឆ្នាំ១៩៨៣មក។ទាំងនេះ មិនមែនមានន័យថា រាល់អ្នកកាន់ឯកសារទាំងអស់ សុតតែត្រឹមត្រូវនោះទេ សំខាន់ស្ថិតនៅលើការវែកញ៉ែករកយុត្តិធម៌ របស់អាជ្ញាធរ និងតុលាការ ដោយឈរលើគតិយុត្តិធម៌យ៉ាងត្រឹមត្រូវ អមដោយប្រវត្តិ នៃការគ្រប់គ្រងដីថែមទៀតផង។ តើយុត្តិធម៌ និងទៅជាយ៉ាងណា សម្រាប់ភាគីទាំងពីរ រវាងលោកស្រី ហ៊ុន ចន្ធី និងលោក អ៊ឹង សម្បត្តិ ស្របពេលវិវាទកំពុងកើតឡើង ភាគីលោក អ៊ឹង សម្បត្តិ បានចូលធ្វើសំណង់លើដីកំពុងមានទំនាស់ទៅហើយនោះ៕

លិខិតផ្ទេរសិទ្ធិកាន់កាប់របស់លោក អ៊ឹង សម្បត្តិ ដែលស៊ីញ៉េរបញ្ជាក់ដោយចៅសង្កាត់ នៅឆ្នាំ២០១៤ភាគីលោកស្រី ហ៊ុន ចន្ធី និងលោក អ៊ឹង សម្បត្តិ ទាញហេតុផល នៃការគ្រប់គ្រងដី វិវាទ

បណ្តឹងលោកស្រី ហ៊ុន ចន្ធី ដាក់ជូនចៅសង្កាត់កាកាបទី១