កំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុ៥ឆ្នាំ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាមួយគ្នានោះ បើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់សម្តេចប្រមុខរដ្ឋាភិបាល បានឱ្យដឹងថា កុមារអាយុ៥ឆ្នាំ ជាង៣០ម៉ឺននាក់ និងត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសម្តេច កោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយសម្តេចក៏អំពាវនាវបងប្អូនជនរួមជាតិ បន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ ព្រោះថា វ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំង ក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ ៣ការពារ និង ៣កុំ។
សូមជំរាបថា រហូតមកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ១៩ បាន១០លាន ៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌ នៃខឿនការពារសុខភាពរបស់ប្រជាជនយើង។
ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយ ក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើង ចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំ បានចំនួន១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។
គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។ កិច្ចការបន្តរបស់យើង គឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្តចាក់ជូនប្រជាជន ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។
កាន់តែសំខាន់ជាងនេះទៀត គឺយើងត្រូវតែបន្ត ការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះ យើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។ នេះជាការបញ្ជាក់របស់ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា តេជោ សែន៕