សៀមរាប៖ កាលពីរសៀលថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្ត ចុះជួយស្រុកបន្ទាយស្រី លោក ង៉ាន់ ភិរុណ បាននាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនដល់គ្រួសារកុមារាក្រីក្រ គង់ សីហា។
លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រី ឈ្មោះ គង់ សីហា ដែលល្បីល្បាញដោយសារតែការមកសាលា ដើម្បីចូលរៀនថ្ងៃដំបូង គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើថង់ប្លាស្ទិកនោះ ទើបសម្តេចពីជ័យសេនា ទៀបាញ់ បានចាត់រូបលោកនិងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបន្ទាយស្រី នាំអំណោយ រួមមាន៖ អង្ករ១០០គីឡូក្រាម.ទឹកស៊ីអ៊ីវ៥យួរ.ទឹកត្រី៥យួរ.ត្រីខកំប៉ុង១កេះធំ.មី១កេះធំ.ម៉ាស់៥០០ម៉ាស់.អាកុលលាងដៃ១០ដប.ទឹកសុទ្ធ១០យួរ និងថវិកាចំនួន៤លានរៀល ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសាររបស់កុមារា គង់ សីហា ស្ថិតនៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាត ដោយឪពុកម្តាយដើរប្រវាស់ដីស្រែគេធ្វើសម្រាប់ចិញ្ចឹមជីវិត។
ជាមួយគ្នានោះលោក ង៉ាន់ ភិរុណ ក៏បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ នូវក្តីអាណិតអាសូរដល់កុមារតូចៗ ជាពិសេសកុមារដែលគ្រួសារមានជីវភាពខ្វះខាត តែតស៊ូក្នុងការសិក្សារៀនសូត្រ និងមិនបោះបង់ ឬចុះចាញ់ការលំបាកទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយចំពោះគ្រឿងឧបភោគបរិភោគ និងថវិកាទាំងអស់នេះ ដែលសម្តេចពិជ័យសេនា បានឧបត្ថម្ភ គឺទុកសម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ការរៀនសូត្ររបស់ក្មួយប្រុស និងក្រុមគ្រួសារបន្តទៀត ។
យ៉ាងណា លោកអភិបាលរងខេត្តសៀមរាប ង៉ាន់ ភិរុណ ក៏បានផ្តាំផ្ញើដល់ឪពុកម្តាយរបស់កុមារា គង់ សីហា ត្រូវធានាឱ្យបានពីអនាគតនៃការសិក្សារបស់កូនៗ ក៏ដូចជាយកឱកាសដ៏កម្រនេះ រៀបចំអនាគតគ្រួសារ និងមុខរបរប្រចាំជីវិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងប្រយត្ន័ប្រយែងផងដែរ ពិសេសសូមឲ្យក្មួយ គង់ សីហា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូជំនះលើភាពក្រីក្រ លើកស្ទួយកិត្តិយសគ្រួសារ ហ៊ានកែប្រែជោគវាសនារបស់ខ្លួន និងក្លាយជាតំណាងនៃភាពជោគជ័យសម្រាប់ឱ្យកុមារដទៃទៀតដែលមានជីវភាពលំបាកដូចក្មួយ អាចសំឡឹងមើលមកក្មួយជានិមិត្តរូបរបស់ពួកគេ និងអាចយកគំរូតាមបានផងដែរ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប