អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ផ្តល់ជំនួយសាលារៀនដល់សហគមន៍ លឹម ភា

0
689

ភ្នំពេញ៖ អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ តាមរយៈឯកឧត្តម ដួង តារា​ ជំនួយការផ្ទាល់សម្តេចតេជោ ប្រមុខរដ្ឋាភិបាល បាននាំយកជំនួយសម្ភារៈប្រើប្រាស់ ចែកជូនដល់កុមារក្នុងសហគន៍ លឹម ភា ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

ក្នុងដំណើរលើកទី២របស់ អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ លើទឹកដីសហគមន៍ លឹម ភា គឺដើម្បីពិនិត្យទីតាំងច្បាស់លាស់ ក្នុងការកសាងសាលារៀន១ខ្នង៦បន្ទប់ ជូនប្អូនៗក្មួយៗកុមារ ប្រមាណ៥០០នាក់ បានសិក្សារៀនសូត្រ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦។

ជាមួយនិងគំរោង នៃការសាងសង់សាលារៀន១ខ្នង៦បន្ទប់នេះ ក៏មានការិយាល័យគ្រូ១បន្ទប់  បង្គន់អនាម័យ១០បន្ទប់ អណ្តូងទឹកស្អាត១ បង្គោលទង់ជាតិ ក្លោងទ្វាសាលា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត ដោយក្នុងនោះ​ក៏មានតុកៅអីសិស្ស តុគ្រូ កាបូប សៀវភៅសិក្សាសិស្ស រួមទាំងសំភារៈសិក្សាជាច្រើនទៀតផងដែរ។ បើតាម អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ថវិកាគ្រោងចំណាយលើការសាងសង់សាលារៀនក្តីសង្ឃឹមទី៤ នៅសហគមន៍ លឹម ភា ប្រមាណ១២​ម៉ឺនដុល្លារ ​ ដែលនិងចាប់ផ្តើមសាងសង់នៅខែមករា ឆ្នាំ២០​២២ខាងមុខនេះ។

ដូចគ្នានេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ដួង តារា និងក្រុមហ៊ុន ACCI បានផ្តល់អំណោយសប្បុរសធម៌ថវិកា ទទួលបានពីការរ៉ៃអង្គាសពីសប្បុរសជន បានចំនួន៥ពាន់ដុល្លា ក្នុងការចូលរួមចែករំលែកក្តីស្រឡាញ់ ក្នុងការកសាងសាលារៀន ជូនដល់កុមារក្រីក្រ នៅសហគមន៍ លឹម ភា បុរសពិការដៃទាំងពីរ ​បេះដូងសប្បុរសធម៌នេះផងដែរ។

បើតាម ឯកឧត្តម ដួង តារា បានឱ្យដឹងថា រហូតមកទល់ពេលនេះ អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ទទួលបានថវិកាពីការចូលរួមរបស់សប្បុរសជនប្រមា​ណ៥ម៉ឺនដុល្លា ដែលក្នុងគម្រោងត្រូវចំណាយអស់ចំនួន១២ម៉ឺនដុល្លា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ ដោយស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមរំលឹកថា មកដល់ពេលនេះ សហគមន៍ លឹម ភា បានចែកដីជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនពិការ មកពីគ្រប់ទិសទី បានប្រមាណជាង៥០០គ្រួសារហើយ ដែលតាមគំរោងលោក លឹម ភា និងបន្តផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនពិការ រហូតដល់ចំនួន១ពាន់គ្រួសារ។ ដោយក្នុងនោះគំរោងបន្ទាប់ ពីទទួលបានសាលារៀនពី អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ លោក លឹម ភា ក៏គ្រោងស្នើសុំមន្ទីរពេទ្យ និងការបង្កើតផ្សារសហគមន៍ រោងចក្រជាដើម ដើម្បីផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយផ្ទាល់៕