វិនិយោគិនចិន ចាប់ផ្តើមវិលចូលខេត្តព្រះសីហនុជាបណ្តើរៗ ខណៈប្រមុខរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

0
621

ព្រះសីហនុ៖ ក្រោយពីប្រមុខរដ្ឋាភិបាល បើកដំណើការប្រទេសវិញ តាមរយៈការអនុញ្ញាតឱ្យជនបរទេស ដែលចាក់វ៉ាក់សំាងគ្រប់ដូស អាចចូលប្រទេសកម្ពុជា ពេលនេះមានវិនិយោគិនចិនបានវិលត្រឡប់ចូលក្នុងខេត្តព្រះសីហនុ ជាបណ្តើរៗវិញហើយ ដើម្បីបើកដំណើរការអាជីវកម្ម និងបន្តសាងសង់សំណង់ដែលនៅសេសសល់របស់ខ្លួន។

ក្នុងនោះបើតាមសារព័ត៌មានក្នុងស្រុក ដែលបានដងស្រង់សម្តីលោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ប្រាប់ថា បច្ចុប្បន្ន វិនិយោគិនចិន បានចាប់ផ្តើមវិលត្រឡប់មកវិញបណ្តើរៗហើយ  បន្ទាប់ពីមានការបើកជើងហោះហើរ និងការសម្របសម្រួលនៃការគ្រប់នូវការឆ្លងជំងឺកូវីដ១៩ ការបន្ថយចត្តាឡីស័ក ដែលអំណោយផលដល់អ្នកវិនិយោគ។

លោកថា នៅពេលដែលយើងគ្រប់គ្រងជំងឺកូវីដ១៩បានល្អ វាជាការសំខាន់  និងការរៀបចំគោលនយោបាយ កិច្ចសហប្រតិបត្តិការ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់អ្នកវិនិយោគ មានលទ្ធភាពបន្តវិនិយោគនូវសំណង់ និងការសាងសង់ផ្សេងៗដែលជាប់គាំងនៅពេលផ្ទុះកូវីដ១៩ ។

លោកបន្តថា ខេត្តព្រះសីហនុ  ត្រូវបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដោយដាក់បញ្ចូលនូវឧស្សាហកម្ម កសិកម្ម ហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម ហើយថាខេត្តព្រះសីហនុ ជាប៉ូលមានសក្តានុពលខ្ពស់សម្រាប់វិស័យជាច្រើន រួមទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាការទាក់ទាញអ្នកវិនិយោគអន្តរជាតិ ជាពិសេសវិនិយោគិនចិន។

បើតាមលោក តាំង សុចិត្រក្រឹស្នា  បន្តថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ អាជីវកម្មសណ្ឋាគារ ប្រមាណជាង១០០ បានបើកដំណើរការឡើងវិញ ដោយពីមួយថ្ងៃទៅមួយថ្ងៃ ម្ចាស់អាជីវកម្មបានបើកដំណើរការបន្តបន្ទាប់ ហើយរំពឹងថានៅចុងឆ្នាំនេះ ម្ចាស់អាជីវកម្ម នឹងបើកដំណើរការឡើងវិញទាំងអស់។

ដោយឡែកពាក់ព័ន្ធនឹង ហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវបានបញ្ចប់ដែរ   ដែលវានឹងជួយគាំទ្រដល់វិស័យសេដ្ឋកិច្ច និងសង្គម  ជាពិសេសវិស័យទេសចរណ៍ ខណៈពេលដែលខេត្ត មានព្រលានយន្តហោះអាចទទួលការចុះចតយន្តហោះប្រភេទធំ មកពីតំបន់ឆ្ងាយ ដែលធ្វើខេត្តព្រះសីហនុកាន់តែទាក់ទាញបន្ថែមទៀត៕