សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកដំណើរការឡើងវិញ ស្វាគមន៍ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ក្នុងការចុះចតខេត្តទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះ។
បើតាមឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក្តិ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ដូច្នេះ ការបើកប្រទេសឡើងវិញ គឺក្រោមមោទនភាពនៃការផ្តល់វាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតភាគរយខ្ពស់ដែលពិភពលោកទទួលស្គាល់ ហើយការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិផងដែរ។
ឯកឧត្តម ប៊ុន រដ្ឋា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសន៍មួយក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រតិភូប្រតិបត្តិករព្រលានយន្តហោះ តំណាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល មន្រ្តីក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ប៊ុន រដ្ឋា បន្តថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ ដែលចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប ខណៈកម្ពុជាបានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោកមកកាន់កម្ពុជា ដោយមិនចាំបាច់តម្រូវឱ្យមានវីហ្សានោះឡើយ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលនេះគឺជាគោលនយោបាយបើកចំហរជើងមេឃរបស់កម្ពុជា។
ឯកឧត្តមនាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ថែមទៀតថា ការពិភាក្សានៅកិច្ចប្រជុំនេះ គឺបានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង ការចម្លងជំងឺកូវីដ១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីទាំង២គឺរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ ស្របពេលដែលស្ថានភាពនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និង ការបើកប្រទេសឡើងវិញ អាចនិយាយបានថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញពីក្រៅប្រទេស អាចនិយាយបានថា នេះគឺជាការរងចាំរបស់ភ្ញៀវទេសចរអន្តរជាតិ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារបច្ចេកទេសរវាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យការរៀបចំទីតាំងដែលត្រូវអនុវត្តវិធានសុខាភិបាល ចំពោះអ្នកដំណើរដែលចូលប្រទេសកម្ពុជា តាមច្រកអាកាសយន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពេញលេញចូលមកទស្សនាខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖
១- សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប