ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ពេលនេះសន្ទុះហាក់កាន់តែខ្លាំង និងរឹងមាំៗ ដែលបង្ហាញឱ្យឃើញពីភាពសាំ ក្នុងការប្រគួតជាមួយគណបក្សកាន់អំណាច។
ភាពសាំនយោបាយនៅមូលដ្ឋាន អមដោយកម្លាំងខ្លាំងផងនោះ បានធ្វើឱ្យគណបក្សដែលកើតចេញពីផ្ទៃសង្គ្រោះជាតិ បាននិងកំពុងមានមហិច្ឆិតាយ៉ាងខ្លាំង ក្នុងការប្រគួតប្រជែងដណ្តើមអំណាចនៅមូលដ្ឋានជូនពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រ និងមានជំនឿចិត្តមកលើខ្លួន ដែលជាមេដឹកនាំដ៏ល្អ ស្មោះត្រង់ជាមួយពលរដ្ឋ នៅឆ្នាំ២០២២ខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។
ដូចគ្នានេះ គណបក្សដ៏ក្មេងខ្ចីតែកម្លាំងនយោបាយចាស់វស្សារូបនេះ ក៏បាននិងកំពុងបណ្តុះយុវជន ឱ្យក្លាយជាអ្នកបន្តវេនផងដែរ ក្នុងការផ្តល់ឱកាសឱ្យពួកគេមិនត្រឹមតែជាថ្នាក់ដឹកនាំក្នុងការសម្រេចនយោបាយ និងវាសនាគណបក្ស ព្រមទាំងប្រទេសជាតិប៉ុណ្ណោះទេ ក៏បានផ្តល់ឱកាសឱ្យយុវជន នៅមូលដ្ឋានបញ្ចេញសមត្ថភាព ក្នុងការឈរឈ្មោះ ជាបេក្ខភាព មេឃុំ ចៅសង្កាត់ផងដែរ។
ក្នុងនោះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សខ្មែរស្រឡាញជាតិ បានរៀបចំនិងធ្វើការជ្រើសរើសថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល ចលនាយុវជនគណបក្សប្រមាណ៥២រូប ដោយផ្តល់សិទ្ធិនិងឱកាសនយោបាយដល់ពួកគេ ក្នុងការដឹកនាំរួមកម្លាំងដើម្បីដណ្តើមជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គណបក្សខ្មែរស្រឡាញ់ជាតិ ក៏គ្រោងរៀបចំ សន្និបាទ យុវជនទូទាំងប្រទេស តាមគំរោងមានអ្នកចូលរួមប្រមាណ៥០០នាក់ ដើម្បីប្រកាសពីរចនាសម្ព័ន្ធ ចលនាយុវជន និងផែនការសកម្មភាពរបស់យុវជន ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់គណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងការបន្តស្មារតីសង្គ្រោះជាតិ ធ្វើសកម្មភាពដើម្បីនាំមកនូវជ័យជំនៈនិងការផ្លាស់ប្តូរនៅមូលដ្ឋានដ៏ពិតប្រាកដ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕