ភ្នំពេញ៖ គណបក្សភ្លើងទៀន របស់លោក ទាវ វណ្ណុល ដែលជាមរតករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ និងប្រារព្វពិធីសមាជជាផ្លូវការរបស់ខ្លួន នៅសណ្ឋាគារ សាន់វេ ដោយមានការចូលរួមពីសមាជិក សមាជិកការ ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់។
ការសមាជគណបក្សភ្លើងទៀនជាផ្លូវការ ក្រោយគណបក្សនេះ បានដាក់តំណាង និងរៀបចំទីស្នាក់ការនៅតាមបណ្តាខេត្ត ដែលមានអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ កូតាលោក សម រង្ស៊ី ជាអ្នកដឹកនាំនិងទទួលខុសត្រូវ ក្រោយពួកគេទទួលបានសិទ្ធិធ្វើនយោបាយ និងការដាក់ពាក្យស្នើសុំចូលរួមជាមួយគណបក្សភ្លើងទៀន។
ជាក់ស្តែលោក ថាច់ ស៊ីថា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយ និងចុងក្រោយនេះ បានប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀន និងត្រូវតែងតាំងជាអ្នកនាំពាក្យ.លោក ម៉ៅ សុផល ត្រូវបានតែងតាំងជាតំណាងគណបក្សភ្លើងទៀន ខេត្តតាកែវ លោក សុខ គឹមសេង តំណាងខេត្តសៀមរាប និងលោក ថោង វិបុលសុខុម តំណាងខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀន ដែលមិនជាប់បម្រាម បានដាក់ពាក្យស្នើសុំ និងប្រកាសគាំទ្រគណបក្សភ្លើងទៀន ស្ទើរមិននឹកស្មានដល់ ព្រមទាំងអំពាវនាវឱ្យអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគណបក្សភ្លើងទៀន ថែមទៀត ដោយលែងដេកផ្ទះឈ្នះឯងទៀតហើយ។
ការប្រកាសគាំទ្រគណបក្សភ្លើងទៀន របស់ថ្នាក់ដឹកនាំ សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ កូតាលោក សម រង្ស៊ី បែបនេះ ក្រោយពីគណបក្សបេះដូងជាតិ ដែលត្រូវបានគេដឹងថា លោក សម រង្ស៊ី នៅពីក្រោយ ដោយមានលោក សៀម ភ្លុក ជាស្ថាបនិក មិនត្រូវបានក្រសួងមហាផ្ទៃអនុញ្ញត ក៏ងាកមកគាំទ្រគណបក្សភ្លើងទៀនវិញ។
ការធ្វើសកម្មភាព របស់ក្រុមកូតាលោក សម រង្ស៊ី ក្នុងដែនគណបក្សភ្លើងទៀន ត្រូវបានក្រុមអ្នកគាំទ្រលោក កឹម សុខា ចាត់ទុកថា ពាក្យ សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយចប់ហើយ ហើយការចាប់ដៃគ្នារបូត ដោយសារតែលោក សម រង្ស៊ី បែកចេញ វិលទៅទ្រនំចាស់របស់លោកវិញ គឺគណបក្សភ្លើងទៀន។ ក្រុមអ្នកគាំទ្រលោក កឹម សុខា បន្ថែមដោយចំអកថា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃដែលគណបក្សភ្លើងទៀនធ្វើសមាជ ហើយក៏ជាថ្ងៃដែល សម រង្ស៊ី បែកពី កឹម សុខា និងគណបក្សសង្គ្រោះជាតិ ដូចគ្នាផងដែរ៕