បរទេស៖ អ្នកជំនាញជាច្រើនបានព្រមានរួមគ្នា ពីកូវីដ-១៩ ប្រភេទថ្មីដ៏គួរឱ្យភ័យខ្លាច ដែលមានឈ្មោះថា B.1.1.529 ដែលមានប្រភពចេញពីប្រទេសបុតស្វាណា ជាមួយនឹងការបំប្លែងខ្លួនច្រើនបំផុតមិនធ្លាប់មាន ហើយគេរំពឹងថា វាបង្កកំណើតចេញពីអ្នកជំងឺអេដស៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អ្នកជំនាញអង់គ្លេស បានធ្វើការព្រមានថា មេរោគកូវីដពូជថ្មី B.1.1.529 នេះវាអាក្រក់ជាង Delta ដែលកំពុងឆ្លងរីករាលដាលនៅជុំវិញពិភពលោក។ មេរោគកូវីដពូជថ្មី B.1.1.529 ត្រូវបានគេប្រទះឃើញ នៅក្នុងប្រទេសចំនួន ០៣ រួចហើយ ប៉ុន្តែមានអ្នកឆ្លងត្រឹមតែ១០ករណីប៉ុណ្ណោះ។
មេរោគកូវីដពូជថ្មី B.1.1.529 នេះវាអាចប្រែប្រួលប្រូតេអ៊ីនចំនួន៣២ ឬមានការប្រែប្រួលចំពោះប្រូតេអ៊ីនជាច្រើនប្រភេទផ្សេងៗទៀត នាំឲ្យអ្នកជំនាញជាច្រើនចង្អុលបង្ហាញថា វានឹងបង្កើនការឆ្លងរីករាលដាលខ្លាំង និងឆាប់រហ័សហើយធន់នឹងថ្នាំវ៉ាក់សាំង។
សាស្ត្រាចារ្យ Francois Balloux អ្នកឯកទេស នៃសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ ក្នុងប្រទេសអង់គ្លេស បាននិយាយថា មេរោគថ្មី ប្រភេទ B.1.1.529 ទំនងជាលេចឡើងនៅក្នុងការឆ្លងនៅក្នុងអ្នកជំងឺរ៉ាំរ៉ៃ ដែលមានភាពស៊ាំនឹងមេរោគ អាចជាអ្នកដែលមានជំងឺអេដស៍ ដែលមិនបានធ្វើរោគវិនិច្ឆ័យ។
ការប្រែប្រួលប្រូតេអ៊ីន នៃប្រភេទថ្មីនេះកើនឡើង ធ្វើឱ្យមានការពិបាកសម្រាប់ការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន ដោយសារតែវ៉ាក់សាំងបង្ការ ទទួលស្គាល់កំណែចាស់នៃមេរោគ ដែលបានបណ្តុះប្រព័ន្ធភាពស៊ាំការពាររាងកាយពីការឆ្លង នៃវីរុដកូវីដ-១៩ ពីមុន។
លោកវេជ្ជបណ្ឌិត Tom Peacock អ្នកជំនាញខាងមេរោគឆ្លង នៅសាកលវិទ្យាល័យ Imperial College ក្នុងប្រទេសអង់គ្លេស ដែលជាអ្នកស្រាវជ្រាវមេរោគដំបូងគេ ដែលកំណត់អត្តសញ្ញាណប្រភេទថ្មី B.1.1.529 បានពណ៌នា អំពីការប្រែប្រួល នៃពូជថ្មីនេះថា គួរឱ្យរន្ធត់។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Tom ក៏បានព្រមានថា មេរោគកូវីដប្រភេទថ្មី ដែលមានឈ្មោះវិទ្យាសាស្ត្រ B.1.1.529 ត្រូវបានគេចាត់ទុកថា ជាមេរោគកូវីដដ៏អាក្រក់បំផុត ពោលគឺអាក្រក់ជាងកូវីដប្រភេទផ្សេងៗ ដែលកំពុងឆ្លងរាតត្បាតនៅជុំវិញពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានប្រាប់ថា មិនចាំបាច់ព្រួយបារម្ភខ្លាំងពេកទេ ពីព្រោះមិនទាន់មានសញ្ញាណាមួយដែលថា វាបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅឡើយ។
ការចម្លងប្រភេទថ្មីនាពេលនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសបុតស្វាណា ចំនួន០៣ករណី និងឆ្លងចំនួន ០៦ករណី នៅអាហ្វ្រិកខាងត្បូង ជាកន្លែងដែលអ្នកជំនាញកំពុងឃ្លាំមើលតាមដានស្ថានការណ៍យ៉ាងដិតដល់ និងឆ្លង០១ករណីទៀត ក៏ត្រូវបានគេប្រទះឃើញលើបុរស វ័យ៣៦ឆ្នាំម្នាក់ នៅទីក្រុងហុងកុង ដែលទើបត្រឡប់ពីទ្វីបអាហ្វ្រិក មកវិញ៕