អាជ្ញាធរមូលដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រងការចោទ ថាបានគប់គិតគ្នាជាប្រព័ន្ធ បំពានលើដីម្ចាស់កម្មសិទ្ធិស្របច្បាប់

0
930

បន្ទាយមានជ័យ៖ អាជ្ញាធរមូលដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋរងគ្រោះជាម្ចាស់ដី ចោទថាបាននិងកំពុងគប់គិតគ្នាជាប្រព័ន្ធ បំពានលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។

ការនេះបានធ្វើឡើង ដោយអាជ្ញាធរមូលដ្ឋានភូមិរោងម៉ាស៊ីន លោក នុន សុផល និងលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល ដែលបានចេញលិខិតទាំងបំពាន ចំនួន២លើកឱ្យម្ចាស់ដី រុះរើរបងលួស ដែលបានសាងសង់ហ៊ុំព័ន្ធដីរបស់ខ្លួន មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ លើក្បាលដីលេខ១១២ ទំហំ៣៥៨៧ម៉ែត្រការ៉េ ចុះហត្ថលេខាដោយលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

លិខិតចេញដោយបំពានរបស់អាជ្ញាធរមូលដ្ឋានខាងលើ ចុះហត្ថលេខាដោយលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល លើកទី១ លើលិខិតជូនដំណឹង លេខ១៦៦ សជណ/សអប ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងលិខិតជូនដំណឹង លើកទី២ លេខ១៧៩ សជណ/សអប ដែលមានការកោសលុប ខុសទាំងស្រុងលើលិខិតរដ្ឋបាល និងខុសទាំងថ្ងៃខែចេញលិខិតរបស់ខ្លួនថែមទៀតផង។ ដោយខ្លួនជាអាជ្ញាធរ ចេញលិខិតជូនដំណឹងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បែរជាដាក់ក្នុងលិខិត ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ទៅវិញ ហើយទម្រង់លិខិតជូនដំណឹងរបស់ចៅសង្កាត់អូរអំបិល លើកទី១ និងលើកទី២ ខ្លឹមសារតែមួយ ដោយតម្រូវឱ្យម្ចាស់ដីកម្មសិទ្ធិ រុះរើបន្លាលួស ដោយចោទថា ម្ចាស់កម្មសិទ្ធិ បានសាងសង់ ហ៊ុំព័ទ្ធយកស្រះសហគមន៍ជាប់មាត់ស្ទឹង ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះចេញ ដើម្បីទុកអោយប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលទៅដងទឹកស្រះមកប្រើប្រាស់ប្រចាំថ្ងៃ ដោយទុកឱសានវាទរយៈពេល៣ថ្ងៃ ក្នុងករណីដែលម្ចាស់កម្មសិទ្ធិពុំព្រមអនុវត្តតាមសេចក្តីជូនដំណឹងនេះអោយទាន់ពេលវេលាកំណត់ទេនោះ រដ្ឋបាលសង្កាត់និងចាត់វិធានការតាមផ្លូវច្បាប់ ដោយខ្លួនយោងទៅលើ៖

-ព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០១ ដែលប្រកាសអោយប្រើប្រាស់ច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។

-យោង អនុក្រិត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ ស្តីពី ការវិមជ្ឈការអំណាច តួនាទី និងភារកិច្ចទៅឱ្យក្រុមប្រឹក្សាឃុំសង្កាត់។

-យោង ប្រកាសក្រសួងមហាផ្ទៃ លេខ៦៨៨ ប្រក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្តីពី ការទទួលស្គាល់ប្រធាន

ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ នៃសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

-យោង លិខិតជម្រាបជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ៤៧០ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី ការចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធ វាស់វែង បែងចែក និងលក់ដូរដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

-យោង តាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ដែលតែងតែប្រើប្រាស់ អាស្រ័យផលទឹកក្នុងស្រះនោះ។

ក្រោយការចេញ សេចក្តីជូនដំណឹង របស់លោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល ម្ចាស់កម្មសិទ្ធិ និងអ្នកដែលដឹងរឿងខាងលើចាត់ទុកករណីនេះ គឺជារឿងអយុត្តិធម៌បំផុត និងបានលើកឡើងថា តើលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល ចេញសេចក្តីជូនដំណឹងនេះ ស្របទៅតាមផ្លូវច្បាប់ដែរឬទេ ក្នុងករណីម្ចាស់កម្មសិទ្ធិមានប្លង់រឹងទៅហើយ ដែលខ្លួនជាអាជ្ញាធរមូលដ្ឋាន គួរណាស់ស្វែងយល់ថា មុននិងចេញ លិខិតជូនដំណឹង គឺខ្លួនជាអ្នកឯកភាពក្នុងការចុះហត្ថលេខា ការចង្អុលបង្ហាញដីម្ចាស់កម្មសិទ្ធិ ជូនមន្រ្តីជំនាញ ទើបមន្រ្តីភូមិបាល ពិសេសថ្នាក់ដឹកនាំខេត្ត ចុះហត្ថលេខាយល់ព្រម លើឯកសារស្នើរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនសាមីខ្លួន ម្ចាស់កម្មសិទ្ធិករ។

តើ មុនចេញប័ណ្ណកម្មសិទ្ធិ ហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋាន មិនចេញលិខិតបដិសេធ ឬជំទាស់ក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ម្ចាស់កម្មសិទ្ធិ?​ ហេតុអ្វី ក្រោយម្ចាស់កម្មសិទ្ធិទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ បែរជាអាជ្ញាធរមូលដ្ឋាន គប់គិតគ្នាជាប្រព័ន្ធ ចោទម្ចាស់កម្មសិទ្ធិ ហ៊ុំព័ទ្ធរបងបន្លាលួស រំលោភយកស្រះទឹកសហគមន៍ទៅវិញ? ហើយក្នុងករណីនេះ មានតែតុលាការទេ ដែលជាអ្នកមានសិទ្ធិសម្រេច មិនមែនអំណាចចៅសង្កាត់ឡើយ។

តើការយោង របស់ចៅសង្កាត់អូរអំបិល ត្រង់ចំណុច លិខិតជម្រាបជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ៤៧០ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី ការចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធ វាស់វែង បែងចែក និងលក់ដូរដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាចម្ងល់….! តើដីម្ចាស់កម្មសិទ្ធិខាងលើ ស្ថិតក្នុងចំណុចនេះដែរឬទេ ព្រោះជាដីភូមិ។ ចុះបើជាដីភូមិ ហេតុអ្វីប៉ះពាល់តែដីម្ចាស់ខាងលើ ចំណែកដីពលរដ្ឋផ្សេងទៀត និងម្ចាស់សំណង់ ដែលសាងសង់ធ្វើចូលរហូតដល់មាត់ស្ទឹង ហេតុអ្វីមិនប៉ះពាល់?។

តើមានពលរដ្ឋប៉ុន្មាននាក់ ដែលប្រើប្រាស់ និងអាស្រ័យផល ស្រះទឹកនេះ ហេតុអ្វីមិនបង្ហាញដោយភ្ជាប់ជាមួយ លិខិតជូនដំណឹងរបស់ខ្លួន ហើយស្រះខាងលើ ជាស្រះសហគមន៍តាំងពីពេលណា?ចុះក្នុងបញ្ជីរដ្ឋបាលខេត្តឬក្រុង សង្កាត់ លេខប៉ុន្មាន ថ្ងៃនិងខែឆ្នាំណា? និងដោយមានការឯកភាពពីថ្នាក់ដឹកនាំថ្នាក់ណា? ហេតុអ្វីមិនប្រកាសជាសាធារណៈ? ព្រោះបើតាមម្ចាស់ដី បានប្រាប់ឱ្យដឹងថា ស្រះនេះ ជាដីស្រះកម្មសិទ្ធិរបស់ខ្លួន មានក្នុងប្លង់រឹង មិនមែនជាស្រះសហគមន៍ឡើយ។

តើមានអ្វីនៅពីក្រោយខ្នង ដែលអាជ្ញាធរភូមិរោងម៉ាស៊ីន លោក នុន សុផល និងលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល កំពុងធ្វើ ចោទទាំងបំពានទៅលើម្ចាស់កម្មសិទ្ធិ ដែលស្រះទឹកមានតាំងពីម្ចាស់ដើម មុនលក់មកឱ្យម្ចាស់កម្មសិទ្ធិបច្ចុប្បន្ន ជីកយកអាចម៍ដីចាក់បំពេញដីខាងមុខ ដោយមិនមែនជាស្រះទឹកសហគមន៍ ដូចការលើកឡើងរបស់អាជ្ញាធរមូលដ្ឋានទេ។

ផ្ទុយទៅវិញ បើអាជ្ញាធរសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សំអាងដូចខាងលើ មិនមានន័យថា អាជ្ញាធរខ្លួនឯង បានរួមគំនិត គប់គិតលក់ កាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធ វាស់វែង បែងចែក និងលក់ដូរដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ក្នុងចំណោមចំណុចណាមួយខាងលើនេះ ក្នុងភូមិសាស្រ្ត ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិលទៅហើយទេ ហើយក៏មិនមែនតែ១គ្រួសារនេះឡើយ គឺគ្រប់គ្រួសារ ដែលមានដីនៅប្របស្ទឹងបង្ហូតមក ហើយអ្នកដែលជាប់ចោទ និងមានទោសមុនគេ គឺមិនអាជ្ញាធរមូលដ្ឋានខ្លួនឯងទៅហើយទេ ដែលជាអ្នកអនុវត្តច្បាប់ បែរជាធ្វើខុសច្បាប់ទៅវិញ នេះមិនខុសពាក្យចាស់លោកពោលថា តំរិះជិះករឯងនោះឡើយ៕