ភ្នំពេញ៖ លោក រ័ត្ន សុធី អតីតក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាគ្រូបង្រៀនផង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ តុលាការខេត្តបន្ទាយមានជ័យ និងធ្វើការប្រកាសសាលក្រម លើសំណុំរឿងរបស់លោក ដែលត្រូវរងការចោទពីបទ រួមគំនិតក្បត់ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមលោក រ័ត្ន សុធី បានប្រាប់ឱ្យដឹងថា រូបលោកមិនបានចូលរួម គំនិតក្បត់ ដូចការចោទឡើយ ព្រោះចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក រូបលោកមិនជាប់ពាក់ព័ន្ធនិងរឿងនយោបាយទៀតឡើយ។ ដោយក្នុងនោះលោក រ័ត្ន សុធី ស្នើសុំតុលាការទម្លាក់ចោទការចោទមកលើរូបលោក ដើម្បីលោកបានរស់នៅ និងប្រកបមុខរបរដោយទំនុកចិត្ត ក្នុងនាមជាគ្រូបង្រៀនដ៏សាមញ្ញម្នាក់។
លោក រ័ត្ន សុធី គឺជាគ្រូបង្រៀនផ្នែកភាសារបរទេស នៃវិទ្យាល័យពួក និងជាអតីតអ្នកតស៊ូនៅតំបន់ជាយដែនមួយរូប ដែលស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងលទ្ធិប្រជាធិបតេយ្យ ដោយលោកបញ្ជាក់ម្តងហើយ ម្តងទៀតថា រូបលោកមិនបានជាប់ពាក់ព័ន្ធ និងរឿង រួមគំនិតក្បត់ឡើយ៕