លោក រ័ត្ន សុធី ត្រូវបានតុលាការ ខេត្តបន្ទាយមានជ័យ កាត់ទោស៧ឆ្នាំ ពីបទ រួមគំនិតក្បត់

0
895

បន្ទាយមានជ័យ៖ លោក រ័ត្ន សុធី អតីតក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចផ្តន្ទាទោសចំនួន៧ឆ្នាំ ពីបទ រួមគំនិតក្បត់ តែយ៉ាងណាទោសនេះត្រូវបានព្យួរ។

លោក រ័ត្ន សុធី ក្រោយបញ្ចប់ការប្រកាសសាលក្រម នៅម៉ោង១២.៤៥នាទី បានប្រាប់ឱ្យដឹងថា ការសម្រេ​ចរបស់តុលាការ ដោយកាត់ទោសលោកចំនួន៧ឆ្នាំ បើទោះបីជាទោសនោះត្រូវបានព្យួរក្តី តែលោកមិនអាចទទួលយកបានឡើយ។

មិនអាចទទួលយកបាន ត្រូវបានលោក រ័ត្ន សុធី ប្រាប់បន្ថែមថា លោកនិងពិភាក្សាជាមួយមេធាវី ដើម្បីបណ្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ទាមទារឱ្យមានការទម្លាក់ចោទការចោទប្រកាន់មកលើរូបលោកទាំងអយុត្តិធម៌ និងសំខាន់លោកមិនបាន ចូលរួមប្រព្រឹត្តិ អំពើក្បត់ ដូចការចោទប្រកាន់ឡើយ ព្រោះចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ រូបលោកមិនបានជាប់ពាក់ព័ន្ធ ឬធ្វើសកម្មភាពនយោបាយណាមួយនោះទេ ពិសេសរឹតតែមិនបានប្រព្រឹត្តិដូចការចោទ ដោយលោកជារៀងរាល់ថ្ងៃខិតខំបង្រៀនសិស្ស ក្នុងនាមជាគ្រូបង្រៀនដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ៕