ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពីធី ជួបជុំ ចលនាស្រ្តីលើកដំបូងនៅទូទាំងប្រទេស នាទីស្នាក់ការកណ្តាលគណបក្ស ដែលមានស្រ្តីជាថ្នាក់ដឹកនាំមូលដ្ឋានចូលរួមប្រមាណជិត៥០០នាក់ នេះបើតាមការប្រាប់ឱ្យដឹងរបស់ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ។
ក្នុងស្មារតីជាអ្នកនយោបាយ ដែលបន្តវេនពីគណបក្សសង្គ្រោះជាតិ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីជួបជុំខាងលើថា គណបក្សខ្មែរស្រឡាញ់ជាតិ គឺរក្សាគោលជំហរ ៥ចំណុច ដែលជាបុព្វហេតុនាំឱ្យយើងបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង គឺ៖
១.បន្តស្មារតីសង្រ្គោះជាតិ
២.បង្កើតនយោបាយវប្បធម៌ថ្មី
៣.ដើម្បីផ្សះផ្សាជាតិ (ខ្មែរតែមួយ)
៤.បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ
៥.ដើម្បីតស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ
ជាមួយគ្នានេះ លោក ជីវ កត្តា ក៏បានធ្វើការបង្ហាញពីគោលបំណងរបស់គណបក្សខ្មែរស្រឡញ់ជាតិ ក្នុងការបង្កើតចលនាស្ត្រីខ្មែរស្រឡាញ់ជាតិ ដោយ៖
១.ប្រមូលផ្ដុំស្រ្តីខ្មែរគ្រប់ស្រទាប់វណ្ណៈ ឱ្យគាំទ្រគោលនយោបាយគណបក្សខ្មែរស្រឡាញ់ជាតិ
២.ការពារ និងលើកតម្កើងនូវសិទ្ធិ សេរីភាព របស់ស្រ្តីខ្មែរ
៣.បំផុស និងបណ្ដុះបណ្ដាលស្រ្តីខ្មែរ ឱ្យមានសេចក្ដីក្លាហានក្នុងការបញ្ចេញមតិ ឬតវ៉ា ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍប្រទេស
៤.ជំរុញ និងទាមទារឱ្យស្រ្តីមានតួនាទី ក្នុងការដឹកនាំប្រទេសលើគ្រប់វិស័យ ជាពិសេសជំរុញឱ្យមានតំណាងរាស្រ្តចំនួន៤០%(ភាគរយ)ជាស្ត្រី នៃចំនួនតំណាងរាស្ត្រក្នុងសភាជាតិ
៥.ជំរុញឱ្យមានសាមគ្គីភាពទូលំទូលាយ ក្នុងការការពារសិទ្ធិសេរីភាពរបស់ស្រ្តី និងដើម្បីចូលរួមចំណែកក្នុងការការពារវប្បធម៌ជាតិ (ប្រពៃណី ទំនៀមទំលាប់ សិល្បៈ អក្សរសាស្ត្រ…)
៦.ជំរុញ និងទាមទារឱ្យមានការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើហិង្សាក្នុងគ្រួសារ និងទាមទារឱ្យរដ្ឋាភិបាល ក៏ដូចជាអង្គការក្នុង និងក្រៅរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះស្រ្តី ដែលទទួលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
៧.ជំរុញឱ្យមានការគោរពយ៉ាងពេញលេញ និងត្រឹមត្រូវនូវសន្ធិសញ្ញាអន្តរជាតិផ្សេងៗ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាតិផ្សេងៗ ដែលទាក់ទងនឹងសិទ្ធិនារី ដែលមានលក្ខណៈស្មើភាពរវាងស្រ្តី និងបុរស
៨.ជំរុញឱ្យមានការគោរពច្បាប់នានា ជាពិសេសការគោរពសិទ្ធិកុមារ ដោយទាមទារឱ្យកំចាត់អំពើពេស្យាកម្ម និងការរំលោភលើពលកម្មកុមារ ព្រមទាំងជំរុញឱ្យកុមារី និងកុមារា នៅក្នុងគ្រប់គ្រួសារនៃប្រទេសកម្ពុជាមានសិទ្ធិ មធ្យោបាយ និងលទ្ធភាពស្មើគ្នាក្នុងការសិក្សារៀនសូត្រ និងទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ដូចគ្នានេះ លោក ជីវ កត្តា ក៏បានធ្វើការណែនាំពីអំពីតួនាទី និងភារកិច្ច ព្រមទាំងទិសដៅការងារ សម្រាប់ចលនាស្ត្រី គណបក្សខ្មែរស្រឡាញ់ជាតិ អនុវត្តក្នុងកិច្ចដំណើរការការងាររបស់ខ្លួនដោយ៖
១.អនុវត្តិទិសដៅ និងភារកិច្ចដែលគណបក្សបានកំណត់
២.ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃចលនាស្ត្រីខ្មែរស្រឡាញ់ជាតិឱ្យមានប្រសិទ្ធភាព
៣.រៀបចំបណ្ដាញចលនាស្ត្រីខ្មែរស្រឡាញ់ជាតិ តាមគ្រឹះស្ថានឧត្ដមសិក្សា និងរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស
៤.ពង្រីក និងពង្រឹងរចនាសម្ព័ន្ធរបស់ចលនាស្ត្រីខ្មែរស្រឡាញ់ជាតិ គ្រប់លំដាប់ថ្នាក់ តាមរយៈការបណ្ដុះបណ្ដាលចំណេះដឹង និងបង្កើតសកម្មភាពការងារស្របច្បាប់ផ្សេងៗ
៥.តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់តំណាងចលនាស្ត្រីខ្មែរស្រឡាញ់ជាតិ ទូទាំងរាជធានី/ខេត្ត
៦.ស្វែងរកថវិកាតាមវិធីស្របច្បាប់ ដើម្បីទ្រទ្រង់ និងធានាសកម្មភាពរបស់ចលនាស្ត្រីខ្មែរស្រឡាញ់ជាតិ
៧.ធ្វើរបាយការណ៍ប្រចាំខែស្ដីពី សកម្មភាពការងាររបស់ខ្លួន និងលើកសំណូមពរផ្សេងៗ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស។
លោក ជីវ កត្តា បន្តថា ដើម្បីធានាដល់ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃចលនាស្ត្រីខ្មែរស្រឡាញ់ជាតិ ឱ្យមានប្រសិទ្ធិភាព និងដើម្បីត្រៀមកំលាំងស្ត្រីឱ្យបានច្រើនកុះករចូលរួមឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នាឆ្នាំ២០២២ និងចូលរួមឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនាឆ្នាំ២០២៣ខាងមុខ លោកស្នើឱ្យគណៈកម្មាធិការកណ្តាលចលនាស្រ្តីខ្មែរស្រឡាញ់ជាតិ រៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន គឺ៖
១.រៀបចំផែនការសកម្មភាពការងារ ដើម្បីដំណើរការប្រព្រឹត្តទៅនៃគណៈកម្មាធិការខ្មែរស្រឡាញ់ជាតិ ឱ្យមានប្រសិទ្ធភាព
២.រៀបចំរចនាសម្ព័ន្ធចលនាស្ត្រី ឲ្យមានតំណាងប្រចាំរាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ និងកសាងបណ្ដាញចលនាស្ត្រីនៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងរោងចក្រ សហគ្រាសនានា
៣.រៀបចំកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងផ្សេងទាក់ទងនិង ភាពជាអ្នកដឹកនាំ ច្បាប់ នយោបាយ សេដ្ឋកិច្ច។
លោក ជីវ កត្តា បន្តថា ស្ថិតក្នុងឱកាសនៃការជួបជុំចលនាស្ត្រីរបស់គណបក្សខ្មែរស្រឡាញ់ជាតិនេះ រូបលោកសូមធ្វើការកត់សម្គាល់ចំពោះបញ្ហាប្រឈមរបស់ស្រ្តីថា ដោយសារកង្វះខាតនូវគុណភាពអប់រំ បញ្ហាសុខភាពបន្តពូជ ខ្វះការការពារពីសង្គម កង្វះខាតផ្នែកសេដ្ឋកិច្ច ខ្វះការយល់ដឹង បានធ្វើឱ្យស្រ្តីងាយរងគ្រោះក្នុងអំពើហិង្សា ការជួញដូរផ្លូវភេទ ការកេងប្រវ័ញ្ចពលកម្ម និងបាត់បង់នូវតម្លៃជាស្រ្តីខ្មែរ។ កង្វះការធ្វើគោលនយោបាយជាតិក្នុងការអភិវឌ្ឍផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច សម្រាប់ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួម និងផ្ដល់តួនាទីដល់ស្រ្តីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ខ្វះការពង្រឹងភាពអង់អាចដល់ស្រ្តី និងផ្តល់សក្ដានុពលដល់ស្រ្តី ដើម្បីឱ្យក្លាយទៅជាធនធានមនុស្ស គឺជាការរាំងស្ទះដល់ការអភិវឌ្ឍ ប្រកបដោយចិរភាព សមភាព និងសមធម៌។
លោក ជីវ កត្តា ថាស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងសេចក្ដីសុខ និងសុភមង្គលដល់ក្រុមគ្រួសារ រួមទាំងការកសាងសន្តិភាព និងការចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ដូច្នេះដើម្បីដោះស្រាយបញ្ហាវិសមភាពយេនឌ័រ និងអយុត្តិធម៌សង្គមទៅលើស្រ្តី គឺទាមទារឲ្យមានការចូលរួមដោយពេញលេញ និងប្រកបដោយអត្ថន័យពីស្រ្តី នៅគ្រប់កម្រិតនៃការធ្វើគោលនយោបាយ និងក្របខ័ណ្ឌច្បាប់។
ក្នុងនោះ លោក ជីវ កត្តា ក៏បានលើកឡើងពីគោលជំហរ ដ្ឋាភិបាលដឹកនាំដោយគណបក្សខ្មែរស្រឡាញ់ជាតិ នឹងធានាឱ្យមានការអភិវឌ្ឍយ៉ាងពេញលេញចំពោះការពង្រឹងសិទ្ធិស្រ្តី និងកុមារ តាមរយៈ ៖
•ធានាឱ្យទទួលបានសិទ្ធិស្មើគ្នាក្នុងការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងរៀបចំឱ្យមានបរិយាកាសសុវត្ថិភាព និងសុខភាពអនាម័យនៅតាមបណ្ដាសាលារៀន ហើយនឹងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់កុមារី និងស្រ្តី ដែលបន្តការសិក្សាឆ្ងាយពីផ្ទះ។
•ធានាឱ្យទទួលបាននូវសេវាពិនិត្យសុខភាពគ្រប់ពេលវេលា និងលើកកម្ពស់ការថែទាំសុខភាពស្រ្តី និងកុមារ នៅទូទាំងប្រទេសតាមរយៈកម្មវិធីបង្ការ និងការពារ។
•រៀបចំឱ្យមានគោលនយោបាយ ដើម្បីធានាឱ្យស្រ្តីមានភាពរឹងមាំផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ និងការផ្ដល់នូវឱកាសបង្កើតមុខរបរ ក៏ដូចជាឱកាសឱ្យកាន់តែទូលំទូលាយ ក្នុងការចូលរួមបំពេញការងារ ដោយស្មើភាពគ្នាក្នុងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងលើកកម្ពស់ភាពជាតំណាងស្រ្តីឱ្យបានច្រើន។
•ចាត់វិធានការផ្លូវច្បាប់ដើម្បីលុបបំបាត់ការផ្សព្វផ្សាយ និងគ្រប់គ្រងនូវការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីកាត់បន្ថយការប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ក្រមព្រហ្មទណ្ឌ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងសង្គម ក្នុងគ្រួសារ និងអំពើហិង្សាយេនឌ័រ។
•រៀបចំឱ្យមានគោលនយោបាយ ដែលធានាឱ្យមានការគាំពារស្រ្តី និងកុមារ ងាយរងគ្រោះ តាមរយៈការបង្កើតកម្មវិធី ឬមជ្ឈមណ្ឌលគាំពារជាតិ ដោយផ្ដល់នូវការការពារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងតម្លៃរបស់ស្រ្តី ហើយបង្កើតឲ្យមានកម្មវិធីទារកដ្ឋាន សម្រាប់សហគមន៍ មត្តេយ្យសាលា ក្នុងការត្រៀមឱ្យកុមារចូលទៅប្រព័ន្ធអប់រំរដ្ឋ។
•ចាត់វិធានការផ្លូវច្បាប់តឹងរឹងដើម្បីលុបបំបាត់ពលកម្មលើកុមារ ការជួញដូរកុមារ ការជួញដូរស្រ្តី និងការកេងប្រវ័ញ្ចផ្លូវភេទ ដើម្បីធានាឲ្យបានជាអតិបរមានូវការគោរពសិទ្ធិកុមារ និងសិទ្ធិស្រ្តី។
•ផ្ដល់មធ្យោបាយឱ្យបានគ្រប់គ្រាន់នៅក្នុងការផ្ដល់អាហាររូបត្ថម្ភ ជីវជាតិសម្រាប់កុមារ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺកុមារ ដើម្បីធានាឱ្យកុមារមានការលូតលាស់យ៉ាងពេញលេញទាំងបញ្ញាស្មារតី និងរាងកាយ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋប្រកបដោយសក្ដានុពលភាពសម្រាប់ជាតិ។
យ៉ាងណាលោក ជីវ កត្តា ក៏បានអំពាវនាវឱ្យស្ត្រីគ្រប់មជ្ឈដ្ឋាន អ្នកសេ្នហាជាតិ អ្នកប្រជាធិបតេយ្យ រួបរួមគ្នាជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ឱ្យបានកំលាំងអ្នកប្រជាធិបតេយ្យធំមួយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ឱ្យទទួលបានជោគជ័យ និងយកឱ្យបានមកវិញនូវអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ និងអាសនៈតំណាងរាស្ត្រដែលបានបាត់បង់មកវិញជូនម្ចាស់ឆ្នោត៕