ពលរដ្ឋរងគ្រោះដីធ្លីព្រលានយន្តហោះថ្មី សម្តែងការខកចិត្ត ខណៈលិខិតស្នើសុំជួយអន្តរាគមន៍របស់ពួកគេត្រូវបានបដិសេធមិនទទួល

0
628

ភ្នំពេញ៖ ករណីវិវាទដីធ្លី នៅព្រលានយន្តហោះថ្មីរបស់ប្រជាពលរដ្ឋជាង១,០០០ហិតា និងច្រើនគ្រួសារ ដោយមានប្លង់រឹង នៅមិនទាន់ដោះស្រាយបិទបញ្ចប់នៅឡើយទេ ខណៈដែលក្រុមដោះស្រាយទំនាស់ ផ្តល់ជូនពួកគេក្នុង១ម៉ែត្រការ៉េ តម្លៃត្រឹមតែ៨ដុល្លាប៉ុណ្ណោះ ដែលក្រោមទីផ្សារឆ្ងាយហៅមិនឮ។

ដោយមិនអាចទន្ទឹងរងចាំដំណោះស្រាយដែលយឺតជាងកៅស៊ូនេះបានបន្តទៅទៀត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ តំណាងពលរដ្ឋរងគ្រោះដីធ្លីខាងលើ បានលើកគ្នាមកដាក់លិខិត ជូនសម្តេចទាំង៤ ដើម្បីជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេជាមួយខាងក្រុមហ៊ុនព្រលានយន្តហោះថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

លោក អ៊ឹម តារ៉ា តំណាងប្រជាពលរដ្ឋ

ក្នុងលិខិតរបស់ពលរដ្ឋរងគ្រោះ បង្ហាញថា ក្នុងនាមពួកគេជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន និងជាប្រជាពលរដ្ឋ រស់នៅឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រងផលប៉ះពាល់ដីធ្លីពីការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំការជួយអន្តរាគមន៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន,សម្ដេចក្រឡាហោម ស ខេង,សម្ដេចមហាពញ្ញាចក្រី ហេង សំរិន និងសម្ដេចវិបុលសេនាភក្តី សាយ ឈុំ មេត្តាជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេជាកម្មសិទ្ធិករស្របច្បាប់ នៅក្នុងតំបន់ព្រលានយន្តហោះភ្នំពេញថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ព្រោះថា ចាប់តាំងពីមានការកំណត់តម្លៃដីនៅក្នុងតំបន់ព្រលានយន្តហោះភ្នំពេញថ្មីដោយអន្តរក្រសួង ដាក់ជូនប្រជាពលរដ្ឋក្នុងមួយម៉ែត្រការ៉េ៨ដុល្លារនោះ គឺជាតម្លៃដែលទាបបំផុតមិនស្របទៅតាមស្ថានភាពជាក់ស្ដែងឡើយ ព្រោះតម្លៃដីបច្ចុប្បន្នបានហក់ឡើងនៅចន្លោះពី៧០ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលជាហេតុធ្វើឱ្យពួកគេមិនអាចទទួលយកបាន។

មិនអាចទទួលយកបាននេះហើយ ក្នុងរយៈពេលបីឆ្នាំកន្លងមក ពួកគេជាប្រជាពលរដ្ឋបានធ្វើលិខិតស្នើសុំអន្តរាគមន៍ពីមន្ត្រីស្រុក ខេត្ត និងថ្នាក់ក្រសួងជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែរកដំណោះស្រាយសមស្របដល់ពួកគេមិនបាន ដោយសារពួកគេស្នើសុំតម្លៃស្របតាមទីផ្សារបច្ចុប្បន្ន ដែលសមស្របតាមសេដ្ឋកិច្ចសង្គម។ ដោយពលរដ្ឋរងគ្រោះ ស្នើសុំថ្នាក់ដឹកនាំកំពូលទាំង៤ ជួយពន្លឿនរដោះស្រាយបញ្ហានេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មីរបស់រដ្ឋាភិបាល។

យ៉ាងណា អ្វីដែលជាក្តីស្រមៃរបស់ពលរដ្ឋ ត្រូវបានខកបំណងទៅ​វិញ ព្រោះតែមន្រ្តីនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន បដិសេធមិនទទួល និងបង្វែរឱ្យយកលិខិតខាងលើ ដាក់ជូនខុទ្ធកាល័យសម្តេចប្រមុខរដ្ឋាភិបាល នៅទួលក្រសាំង។ ខុទ្ធកាល័យសម្តេចសម្តេចប្រមុខរដ្ឋាភិបាលនៅទួលក្រសាំង ក៏បានបដិសេធមិនទទួលយកដូចគ្នា ធ្វើឱ្យពួកគេជាពលរដ្ឋរងគ្រោះមានការខកបំណង និងហួសចិត្តយ៉ាងខ្លាំង។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ឹម តារ៉ា តំណាងពលរដ្ឋ។

បើទោះបីជាមានការខកចិត្តយ៉ាងណា ពលរដ្ឋរងគ្រោះ នៅតែបន្តទទូចស្នើសុំប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាវិវាទនេះឱ្យពួកគេបានលឿនតាមអាចធ្វើបាន ព្រោះពលរដ្ឋពេលនេះជួបការលំបាកខ្លាំង ចូលធ្វើស្រូវស្រែមិនបាន និងប្រកបរបរចិញ្ចឹមជីវិតនានា លើដីដែលខ្លួនធ្លាប់អាស្រ័យផល និងកាន់កាប់នោះក៏មិនបានដូចគ្នា ដោយមានការហាមឃាត់ពីសំណាក់ភាគីក្រុមហ៊ុនព្រលានយន្តហោះ៕