ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាបអង្គរ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ក្នុងនោះភាគច្រើនលើសលុប គឺជាភ្ញៀវទេសចរក្នុងស្រុក នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
មន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ អ្នកដំណើរកម្សាន្តទាំងនោះ មកពីបណ្តាខេត្តនានាប្រមាណជាជិត៧៦ភាគរយ ស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់ និង ភ្ញៀវម្ចាស់ផ្ទះមានប្រមាណជា៤ទៅ៥ម៉ឺននាក់ ហើយលក្ខណៈពិសេសដែលគួរឱ្យកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ដែលបានបង្ហាញ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កំពុងស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី ទម្លាប់រស់នៅជាមួយកូវីដ១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។
តាមរបាយការណ៍ គោលដៅសំខាន់ៗនៃដំណើរកម្សាន្តរួមមាន៖ រមណីយដ្ឋានអង្គរ ប្រហែលជា១៧ម៉ឺននាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល៥ពាន់នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា១៤ពាន់នាក់, ការជួបជុំគ្នាកម្សាន្តរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប រួមមាននៅតំបន់ផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់៕