ភ្នំពេញ៖ ក្រោយមានការអំពាវនាវ រកយុត្តិធម៌ពីម្តាយក្មេងប្រុសអាយុ១៤ឆ្នាំ ដែលត្រូវបានតុលាការសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស៥ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម ដាក់ថ្នាំបំពុលសម្លាប់ថៅកែ ពេលនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងចុះអង្កេតសិក្សាករណីនេះដោយផ្ទាល់ហើយ។
បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការអង្កេតដោយផ្ទាល់លើករណីសំណុំរឿងនេះ និងបានផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃ ព្រមទាំងបានធ្វើបណ្តឹងឧទ្ធរណ៍រួចរាល់ហើយផងដែរ តាមនីតិវិធីច្បាប់ដែលមានជាធរមាន។
អ្នកតាមដានសង្ឃឹមថា ពន្លឺយុត្តិធម៌ និងត្រូវបានផ្តល់ជូន ក្មេងប្រុសអាយុ១៤ឆ្នាំ ព្រមទាំងក្រុមគ្រួសារ នៅវិថីច្បាប់ ក្រោយមានការជួយជ្រោមជ្រែងពីសំណាក់គណៈកម្មាធិការសិទ្ធិមនុស្ស៕