សវនាការលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយវិញ ដោយសារមូលហេតុមួយនេះ…….!

0
741

ភ្នំពេញ៖ សវនាការបន្តលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលនិងត្រូវធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយហើយ។

ការលើកពេលសវនាការលោក កឹម សុខា បណ្តាលមកពីមេធាវីដើមបណ្តឹងម្នាក់ ក្នុងចំណោម៤នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមេធាវីរូបនោះ ប្រជុំពិនិត្យឯកសារជាមួយមេធាវី ដែលបានឆ្លងកូវីដ១៩។ កត្តានេះហើយ ធ្វើឱ្យមេធាវីដើមបណ្តឹងផ្សេងទៀត ត្រូវធ្វើចត្តាឡីស័ក។ នេះបើយោងតាមលិខិតស្នើសុំលើកពេលសវនាការរបស់មេធាវី​ដើមបណ្តឹង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដាក់ជូនចៅក្រម ហើយត្រូវបានចំណារអនុញ្ញាត នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលសវនាការបន្តលើលោក កឹម សុខា អាចប្រព្រឹត្តិទៅបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២វិញ។

ក្នុងនោះ បើតាមមេធាវីលោក កឹម សុខា គឺលោកស្រី ម៉េង សុធារី បានសម្តែងការសោកស្តាយ ដែលសវនាការលោក កឹម សុខា មិនអាចបន្តក្នុងសប្តាហ៍នេះ។ លោកស្រីថា សវនាការមួយសប្តាហ៍១ពេល គឺវាយឺតណាស់ទៅហើយ ឥឡូវរឹតតែយឺតទៅទៀត។

សូមជំរាបថា សំណុំរឿង លោក កឹម សុខា អតីប្រធានគណបក្សសង្គ្រោះជាតិ រយៈពេលជាង៤ឆ្នាំហើយ នៅឡើយអូសបន្លាយយឺតជាងកៅស៊ូ ដែលមជ្ឈដ្ឋាននានាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសវនាការដែលបន្តអូសបន្លាយនេះ ព្រោះវាបានរំលោភលើសិទ្ធិសេរីភាពលោក លោក កឹម សុខា និងសេរីភាពនយោបាយរបស់លោកផងដែរ៕