ថ្ងៃបុណ្យក្តីស្រលាញ់ លោក កឹម សុខា ធ្វើរឿងមួយនេះសម្រាប់លោកយាយលោកតា

0
577

ភ្នំពេញ៖ បុណ្យក្តីស្រលាញ់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននាំយកជំនួយចែកជូនពលរដ្ឋលោកយាយលោកតា នៅខេត្តតាកែវ និង ខេត្តកណ្តាល។

ក្នុងនោះ បើតាមលោក កឹម សុខា បានឱ្យដឹងថា ទោះបីសិទ្ធិនយោបាយរបស់លោក ត្រូវបានហាមឃាត់ និងលទ្ធភាពនៃការជួបជុំត្រូវបានកំណត់ ក៏ប៉ុន្តែដោយសេចក្តីនឹករលឹក ដែលធ្លាប់តែសំណេះសំណាលស្និទស្នាលនៅតាមមូលដ្ឋានជិតឆ្ងាយ និងសេចក្តីស្រឡាញ់ដ៏ស្មោះចំពោះបងប្អូនជនរួមជាតិខ្មែរ និងមាតុភូមិកម្ពុជា ដែលមិនអាចឱ្យលោកកាត់ផ្តាច់បាន។

លោក កឹម សុខា បន្តថា បើទោះបីតិចតួចក្តី ជាសក្ខីកម្មនៃមនោសញ្ចេតនា និងទឹកចិត្តមនុស្សធម៌របស់លោកដែលនៅជាប់ជានិច្ចជាមួយបងប្អូន
ដែលនៅថ្ងៃនេះ លោកបានមកជួបមុខ សួរសុខទុក្ខផ្ទាល់ជាមួយបងប្អូននៅមូលដ្ឋាន និងបានចែករំលែកជំនួយសប្បុសធម៌មួយចំនួន ជូនដល់គ្រួសារក្រីក្រ ចាស់ជរា និងអ្នកមានជម្ងឺ ដែលមានអង្ករ ត្រីខ មី ទឹកផ្លែឈើ និងថវិកាក្នុងមួយគ្រួសារៗដប់ម៉ឺនរៀលផងដែរ ដែលពេលព្រឹក នៅស្រុកបាទី ខេត្តតាកែវ និងពេលរសៀល នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោក កឹម សុខា ក៏សូមឱ្យទឹកចិត្តនៃក្តីមេត្តា ដែលជាគុណធម៌ដ៏ប្រពៃ កើតមានដល់មនុស្សលោក ជាពិសេសមានដល់អ្នកដឹកនាំទាំងឡាយ ដើម្បីនាំមកនូវសេចក្តីសុខ សន្តិភាពពិត ជូនប្រជាជាតិរៀងៗខ្លួន និងពិភពលោក៕