ត្បូងឃ្មុំ៖ រដូវកាលបោះឆ្នោតជិតមកដល់ គណបក្សនយោបាយតែងចេញសកម្មភាព ទិញទឹកចិត្តពលរដ្ឋម្ចាស់ឆ្នោត ចែកអំណោយ និងសន្យាឥតល្ហែរ ដែលវាបានក្លាយជាវប្បធម៌សម្រាប់អ្នកនយោបាយ ពីមួយអាណត្តិទៅមួយអាណត្តិហើយ។
យ៉ាងណា ខុសគ្នាដាច់ស្រឡះពីលោក កឹម សុខា ចុះដល់មូលដ្ឋានជួបពលរដ្ឋចាស់ជរា និងពិការភាព ចែកជូនស្បែងអាហារដល់ពួកគាត់ អមដោយថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាព ដែលកើតឡើងពីក្តីស្រលាញ់ ទឹកចិត្តដ៏ស្មោះរបស់លោកនិងសហការី ដែលមិនមែនជាការផ្តល់អំណោយទិញទឹកចិត្ត ក្នុងការរកសម្លេងឆ្នោតពីពលរដ្ឋ ឱ្យគណបក្សនយោបាយណាមួយឡើយ ខណៈរូបលោកក៏បាននិងកំពុងស្ថិតនៅក្នុងការចោទប្រកាន់របស់តុលាការដូចគ្នានៅឡើយផងដែរ។
លោក កឹម សុខា ចែកជំនួយមនុស្សធម៌ ភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ជាក់ស្តែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក កឹម សុខា និងសហការី បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងពិការ ពេលព្រឹក ស្ថិតនៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងពេលរសៀល នៅភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលរួមមាន អង្ករ ម៉ី ត្រីខ ទឹកស៊ីអ៊ីវ ទឹកផ្លែឈើ រួមនិងថវិកាមួយចំនួនថែមទៀត។
លោក កឹម សុខា ចែកជំនួយមនុស្សធម៌ ភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ថ្លែងក្នុងឱកាសខាងលើ លោក កឹម សុខា មានប្រសាសន៍ថា អ្វីដែលលោកបាននឹងកំពុងធ្វើនាពេលនេះ គឺជាកិច្ចការងារមនុស្សធម៌ ក្នុងការជូនស្បៀងដល់ពលរដ្ឋក្រីក្រ ចាស់ជរា និងពិការ មិនមែនជាការចែកអំណោយទិញទឹកចិត្ត រកសម្លេងឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ។ ផ្ទុយទៅវិញ គឺជាការនឹករលឹក និងចង់ចូលរួមជួយចាសជរា ព្រមទាំងពិការ នៅតាមមូលដ្ឋាន ដែលបាននិងកំពុងជួបបញ្ហាខ្វះខាតខ្លាំងក្នុងជីវភាពរបស់ពួកគាត់ ទើបលោក កឹម សុខា និងសហការី បានចុះមកដល់មូលដ្ឋានចែកស្បៀងដល់ពួកគាត់ដែលកំពុងជួបការលំបាកនេះ៕
លោក កឹម សុខា ចែកជំនួយមនុស្សធម៌ ភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ