សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែល ឧបត្ថម្ភដោយក្រុមហ៊ុនGUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie ទៅទស្សនាប្រា សាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ តារាហូលីវូដរូបនេះ ក៏បានជួយ ផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀតពិសេសក្នុងអំឡុងពេល វិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕
ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ