ទាហានអ៊ុយក្រែន ត្រៀមប្រយុទ្ធនៅរដ្ឋធានីកៀវ ដើម្បីតតាំងជាមួយរុស្ស៊ី

0
727

បរទេស៖ កាលពីថ្ងៃសុក្រ ទាហានរុស្ស៊ី និងអ៊ុយក្រែន បានប្រយុទ្ធគ្នានៅជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយ​ក្រែន ដែលជាថ្ងៃទី២បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យ​មាន«ប្រតិបត្តិការ​យោ​ធា​ពិ​សេស» មួយដែលជាការឈ្លានពានលើប្រទេសអ៊ុយក្រែន ដែលជាប្រទេសជិតខាងខ្លួន។

ស្របពេលជាមួយគ្នានោះ មេដឹកនាំប្រទេសលោកខាងលិចបានបង្កើនកិច្ចខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បី​បញ្ចប់អំពើហិង្សានៅប្រទេសអ៊ុយក្រែន ដោយបានចាត់វិធានការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរុស្ស៊ី។

កាសែត The New York Times រាយការណ៍​ថា ខ្លួន​បានផ្ទៀងផ្ទាត់​វីដេអូ​នៃ​ការផ្ទុះ​ជា​ច្រើន​កន្លែង​ដែល​បាន​​បង្ហាញពី​កម្ទេច​បាក់បែក​យ៉ាង​ច្រើន​នៅ​ក្នុងរដ្ឋធានី​កៀវ។ កាសែត​នេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ពីវីដេ​អូ​ ដែល​ទំនង​ដូច​ជា​ការបាញ់​កាំជ្រួចមីស៊ីល​ពី​ដី​ទៅ​អាកាសយ៉ាង​តិច​ក៏២ដែរ​ នៅ​ជិត​ទីក្រុង​កៀវ​ មុន​ពេល​ដែល​ការផ្ទុះ​នោះ។

នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន​វិញ កងទ័ព​រុស្ស៊ី បាន​កាន់កាប់​រោងចក្រ​ថាមពល Chernobyl កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ប្រធានាធិបតីអ៊ុយក្រែន​ លោក Volodymr Zelenskyy បាន​និយាយ​ថា៖ «នេះ​ជា​ការ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​អឺរ៉ុប​ទាំង​មូល»។

Chernobyl ជា​ទីតាំង​រោងចក្រ​អាវុធ​នុយក្លេអ៊ែរ​ ដែលធ្លាប់​មាន​ការផ្ទុះដ៏អាក្រក់​បំផុតរបស់​ពិភពលោកក្នុង​អតីត​កាល​កន្លង​មក។ ទី​តាំង​នេះ​និង​កន្លែង​ជុំវិញ​ទីនោះ​ នៅ​ពុំ​ទាន់​មាន​មនុស្ស​ទៅ​រស់​នៅ​នៅ​ឡើយ​ទេ ចាប់​​តាំង​ពី​មាន​គ្រោះ​មហន្តរាយ​ផ្ទុះ​កាល​ពី​ឆ្នាំ​១៩៨៦​មក។

ប្រភព៖ #VOAKHMER