ភ្នំពេញ៖ ការការពារជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង គឺជាកត្តាសំខាន់បំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប និងគ្រប់វ័យ ដើម្បីបញ្ជៀសពីការឆ្លងរាលដាលក្នុងសហគមន៍ បង្ករជាបញ្ហាធ្ងន់ធ្ងរ។
ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលម៉ិញនេះ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា រូបលោកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។ ដូច្នេះដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីរូបលោក ក្នុងពេលកំពុងមានការសង្ស័យនេះលោកសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។
តែទោះជាយ៉ាងណា ក្នុងនាមមេដឹកនាំប្រទេសជាតិ បើទោះបីជាលោកនាយករដ្ឋមន្រ្តី ត្រូវដាក់ខ្លួនដាច់ដោយឡែកក្តី តែលោកនៅតែបន្តធ្វើការតាមទម្លាប់របស់ខ្លួនដូចដែលបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។ ដូចគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មិនទាន់លុបចោលនូវកម្មវិធីសម្រាប់សប្តាហ៍ក្រោយ ដោយលោកនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬ អវិជ្ជមានកូវីដ១៩ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបលោក ដោយលោកនឹងជូនព័ត៌មានតាមក្រោយ។ជាថ្មីម្តងទៀត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះដើម្បីបង្ការ និងបញ្ជៀសខ្លួនពីការឆ្លងរាលដាលជំងឺកូវីន១៩ ប្រភេទអូមីក្រុងនេះ៕