បរទេស៖ រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន កំពុងស្ថិតក្រោមការវាយប្រហារ ដោយកងកម្លាំងរុស្ស៊ីបានចូលឈ្លានពានប្រទេសនេះមកពីទិសដៅជាច្រើន។
ក្នុងសង្គ្រាមនេះ ចំនួនមនុស្សស្លាប់ និងរងរបួសត្រូវបានគេរាយការណ៍ថាកំពុងកើនឡើង ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបើកការឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍មក គ្រោះថ្នាក់សម្រាប់ជន ស៊ីវិលកាន់តែកើនឡើងយ៉ាងខ្លាំង។
នាយិកាប្រចាំតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលនៃអង្គការ UNICEF អ្នកស្រី Afshan Khan បានព្រមានថា សង្គ្រាមនេះកំពុងបង្កការគំរាមកំហែងភ្លាមៗដល់កុមារអ៊ុយក្រែនប្រមាណ៧លាន៥នាក់នាក់។ អ្នកស្រី Khan បានថ្លែងថា៖«នៅពេលដែលយើងកំពុងនិយាយនេះ មានការវាយប្រហារដ៏ធំនៅទីក្រុងកៀវ ដែលបង្កភាពភ័យខ្លាចនិងតក់ស្លុតយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។ ដោយក្រុមគ្រួសារនីមួយៗមានការភ័យខ្លាច ពួកគេរួមជាមួយកូនរបស់គេ បានរើទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដីនិងកន្លែងជ្រកកោននានា។នេះគឺជាស្ថានភាពដ៏គួរឱ្យខ្លាចខ្លាំងណាស់សម្រាប់ក្មេងៗនៅទូទាំងប្រទេស»។
អង្គការ UNICEF បានផ្តល់ជំនួយមនុស្សធម៌ដល់កុមាររាប់លាននាក់ និងក្រុមគ្រួសារនានានៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេល៨ឆ្នាំមកហើយ។ ទីភ្នាក់ងារនេះ ជាពិសេស មានសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់ Donetsk និង Luhansk ដែលជាតំបន់ទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី ដែលនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីកន្លែងដែលទីភ្នាក់ងារនេះបានដឹកជញ្ជូនទឹកស្អាតទៅតំបន់នានាដែលរងផលប៉ះពាល់ដោយជម្លោះនេះ។
អង្គការ UNICEF បានដាក់គ្រឿងផ្គត់ផ្គង់សុខភាព អនាម័យ និងអប់រំក្នុងគ្រាបន្ទាន់នៅតំបន់នានានៅជិតខ្សែបន្ទាត់ទាក់ទង។ តំបន់នេះ មានទំហំ២០គីឡូម៉ែត្រដែលបែងចែកទឹកដីគ្រប់គ្រងដោយរុស្ស៊ី ចេញពីផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារនេះក៏បានផ្តល់ជំនួយផ្នែកចិត្តសាស្ត្រសង្គមដល់កុមារ មានជំងឺបាក់ស្បាតដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់នេះដែរ។
អ្នកស្រី Khan បានថ្លែងថា តម្រូវការកើនឡើង ខណៈពេលដែលវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ដោយអ្នកស្រីនិយាយទៀតថា ប្រេងឥន្ធនៈកាន់តែតិចទៅហើយគេត្រូវការថវិកាបន្ថែមសម្រាប់ទិញគ្រឿងផ្គត់ផ្គង់បន្ទាន់ដូចជា គ្រឿងបរិក្ខាពេទ្យ ឬគ្រឿងអនាម័យ និងគ្រឿងសំខាន់ៗដទៃទៀតសម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ Donbas និងនៅទូទាំងប្រទេស។
អ្នកស្រី Khan បានថ្លែងថា៖ «ជាការពិតណាស់ រដ្ឋាភិបាលអ៊ុយក្រែន និងប្រទេសលោកខាងលិច មិនបានរងគ្រោះដែលមានផលវិបាកដូចនេះទេ។ ឥឡូវនេះ ដោយសារតែស្ថានភាពដ៏យ៉ាប់យឺននេះ ហានិភ័យដែលក្រុមគ្រួសារនីមួយៗនិងកូនៗរបស់ពួកគេទទួលគឺ ការភ័យខ្លាច ការបាក់ស្បាតកាន់តែខ្លាំងឡើង តម្រូវការស្វែងរកទីជម្រកនិងតម្រូវកាថវិកា។ យើង នឹងឃើញមានការកើនឡើងនូវតម្រូវការគ្រឿងផ្គត់ផ្គង់បន្ថែម»។
អង្គការ UNICEF ថ្លែងថា តម្រូវការកើនឡើងសម្រាប់កុមារ និងក្រុមគ្រួសារដែលរស់នៅក្នុងតំបន់ជម្លោះ។ ទីភ្នាក់ងារនេះ ស្នើសុំថវិកាចំនួន៦៦,៤លានដុល្លារដើម្បីជួយដល់កុមាររហូតដល់៧លាន៥នាក់នៅក្នុងប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារ UNICEF ថា ថវិកាទាំងនេះ នឹងជួយផ្តល់ទឹកនិងអនាម័យ ថ្នាំចាក់ការពារនិងការសិក្សាអប់រំ។ ទីភ្នាក់ងារនេះថ្លែងទៀតថាខ្លួនមានគោលបំណងចង់ពង្រីកចំនួនក្រុមចល័តរបស់ខ្លួននៅពេលបច្ចុប្បន្នដោយធ្វើដំណើរជុំវិញប្រទេសដើម្បីផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រដល់កុមារដែលកើតជំងឺបាក់ស្បាត។ ទីភ្នាក់ងារនេះ ប្រាប់ឱ្យដឹងទៀតថា ការបង្កើនសេវាកម្មនេះ នឹងអនុញ្ញាតឱ្យខ្លួនអាចដោះស្រាយសំណើរសុំជំនួយផ្នែកចិត្តសាស្ត្រដែលកំពុងកើនឡើងយ៉ាងខ្លាំងនិងអាចជួយថែទាំដល់កុមារ។
ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានព្រមានថា មនុស្សរហូតដល់៤លាននាក់អាចរត់គេចខ្លួនទៅកាន់ប្រទេសផ្សេងៗនៅអឺរ៉ុប ប្រសិនបើវិបត្តិនេះកាន់តែធ្ងន់ធ្ងរឡើង។ បើមើលស្ថានភាពជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រី Khan ថ្លែងថា អង្គការUNICEF រួមជាមួយនឹងទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន និងទីភ្នាក់ងារដទៃរបស់អង្គការសហប្រជាជាតិ នឹងស្នើថវិកាបន្ទាប់ប៉ុន្មានថ្ងៃខាងមុខនេះដើម្បីជួយការកើនឡើងនូវជនភៀសខ្លួននៅបណ្តាប្រទេសនានានៅជុំវិញប្រទេសអ៊ុយក្រែន៕
ប្រភព៖VOA KHMER