ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ខាងមុខ ប្រទេសជាមិត្តរបស់កម្ពុជា ក្នុងនោះគឺអូស្ត្រាលី បានយកចិត្តទុកដាក់បំផុត។
ការយកចិត្តទុកដាក់របស់អូស្ត្រាលី គឺបានជួបជជែក និងពិភាក្សាដោយផ្ទាល់ជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដែលទើបសមាជជាផ្លូវការរបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ២០២២នេះ ដោយមានអូស្ត្រាលីជាអ្នកចូលរួមផងដែរ ក្នុងការស្តាប់គោលជំហរ និងគោលនយោបាយរបស់គណបក្សបន្តស្មារតីសង្គ្រោះជាតិមួយនេះ។
ក្នុងនោះ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្នាក់ការកណ្តាលគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានទទួលជួបជាមួយលោក James Lawler លេខាធិការទី៣ តំណាងឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជាដោយលោក បានគូសបញ្ជាក់ថា អូស្ត្រាលី បានតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញបញ្ហានយោបាយនៅកម្ពុជា និងបានលើកឡើងអំពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ផងដែរ។
លោក James Lawler ក្នុងនោះក៏បានគូសបញ្ជាក់ផងដែរថា អូស្ត្រាលី បានជំរុញឱ្យមានភាពល្អប្រសើរឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេសសម្រាប់ស្ថានភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។
លោក កង គឹមហាក់ និងលោក ខឿយ ស៊ីនឿន ក្នុងនាមគណបក្សខ្មែរស្រឡាញ់ជាតិនាឱកាសនោះ ក៏បានថ្លែងអំណរគុណ ចំពោះលោក James Lawler លេខាធិការទី៣ តំណាងឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ព្រមទាំងប្រជាជនអូស្ត្រាលី ដោយលោកតែងតែជួយ និងកំពុងបន្តជួយប្រជាជនកម្ពុជាក្នុងវិស័យនានា ដើម្បីអភិវឌ្ឍកម្ពុជាក្នុងនាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស៕