ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជ អំណោយជូនប្រជារាស្រ្ត១៦៥ គ្រួសារក្នុងខេត្តឧត្តរមានជ័យ

0
713

ឧត្តរមានជ័យ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូន​ប្រជានុ​រាស្រ្ត​​ជា​កូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហា​​ក្ស​ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិ​​ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វ​ព្រះ​​រាជ​ហឫទ័យត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម និង​​ទាន់ពេលវេលា ប្រោសព្រះរាជទានជូនបងប្អូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​១៦៥​គ្រួ​សារ ស្ថិត​នៅក្រុងសំរោង ស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាល​​​ពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នាពេលនោះរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម, ឃីត១ កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១), មីចំនួន ២កេស, ត្រីខចំនួន ១០កំប៉ុង, តង់កៅស៊ូចំនួន ១ ផ្ទាំង, អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេច​ព្រះបរមនាថ​នរោ​ត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១, ម៉ាសចំនួនមួយដុំមាន១០បន្ទះ, ថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរលំផ្ទះ ក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៤០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រី ចំនួន ៤០ ម៉ឺនរៀល ដោយឡែកថវិកាចំនួន ៤០ ម៉ឺនរៀល សម្រាប់​គ្រួសាររងគ្រោះរបើកដំបូលផ្ទះ ដោយក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០ ម៉ឺនរៀល និង​សម្ដេច​ព្រះមហាក្សត្រី ចំនួន ២០ ម៉ឺនរៀល៕