វៀតណាម៖ ទីប្រឹក្សាអភិវឌ្ឍន៍ និងជាប្រធានកិច្ចសហប្រតិបត្តិការ នៃស្ថានទូតកាណាដា ប្រចាំនៅវៀតណាម លោក Brian Allemekinders នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១១១ បានអញ្ជើញចុះបេសកកម្ម ទៅតំបន់កម្ពុជាក្រោម។
ក្នុងដំណើរបេសកម្មនេះ លោក Brian Allemekinders បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុនសុខហ្វាម (Sokfarm) ដែលបានបង្កើតឡើងដោយស្រ្តីខ្មែរក្រោម នៅខេត្តព្រះត្រពាំង ក្នុងការស្វែងរកតម្រូវការ ការបារម្ភ និងបញ្ហាប្រឈមរបស់ពួកគេ ជាពិសេស គឺដើម្បីចូលរួមអបអរសាទរសមិទ្ធិផលរបស់ស្ត្រី ក្នុងគម្រោងអភិវឌ្ឍន៍របស់ប្រទេសកាណាដា និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ កាណាដា ចំពោះសមភាពយេនឌ័រ នៅវៀតណាម។
អ្នកនាង ថាច់ ធីចន្ធី ស្ថាបនិកក្រុមហ៊ុនសុខហ្វាម (Sokfarm) ដែលជាសហគ្រាសជំនាញខាងផលិត ទឹកផ្កាដូង និងស្ករដូង ជាគ្រឿងផ្សំភេសជ្ជៈ និងម្ហូបអាហារ គ្រប់ប្រភេទ។ ភេសជ្ជៈទឹកផ្កាដូង ផលិតដោយប្រើបច្ចេកទេសតាមបែបប្រពៃណី ដោយធានាធម្មជាតិសុទ្ធសាធ គ្មានផ្ទុកសារៈធាតុការពារ និងសារៈធាតុគីមី ឡើយ។
ក្រុមហ៊ុន សុខហ្វាម ជាក្រុមហ៊ុនផលិតផលលើកកម្ពស់សេដ្ឋកិច្ចជូនកសិករ ដោយជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករ ពិសេសកសិករខ្មែរក្រោម។ បន្ថែមពីលើនេះ ក្រុមហ៊ុន សុខហ្វាម បានបំផុសគំនិតដល់ស្ត្រីខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក ឈានទៅបង្កើតអាជីវកម្មដោយខ្លួនឯង នៅតាមខេត្តនានាក្នុងដែនដីកម្ពុជាក្រោម។
បច្ចុប្បន្នផលិតផលទឹកផ្កាដូង មាននៅលើទីផ្សារក្នុងស្រុក និងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន សហរដ្ឋអាមេរិក កម្ពុជា និងប្រទេសផ្សេងៗ មួយចំនួនទៀត។ ក្នុងនោះ បើតាមមន្ត្រីទូតកាណាដា សង្ឃឹមថា នៅពេលខាងមុខផលិតផលទឹកផ្កាដូងរបស់ខ្មែរក្រោម នឹងមាននៅលើទីផ្សារប្រទេសកាណាដា ជាក់ជាពុំខាន។
រូបភាព៖ ស្ថានទូតកាណាដាប្រចាំនៅវៀតណាម និងក្រុមហ៊ុន សុខហ្វាម