កឹម សុខា អ្នកនយោបាយ ក្នុងក្រសែភ្នែកអន្តរជាតិ

0
811

ភ្នំពេញ៖ លោក កឹម​ សុខា អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែជាមេដឹកនាំគណបក្សប្រ​ឆាំងដ៏មានឥទ្ធិពល ដែលស្ថិតក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ ត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។

ក្នុងនោះ គ្រប់បណ្តាទូតនានាដែលជាមិត្តរបស់កម្ពុជា ពេលឈានជើងមកដល់ប្រទេសកម្ពុជា គឺមិនអាចបំ​ភ្លេច ឬមិនជួបលោក កឹម សុខា ឡើយ ដោយគ្រប់បណ្តាទូតប្រទេសនៃលោកសេរីទាំងនោះ តែងជួប​លោក កឹម សុខា ជាបន្តបន្ទាប់ ដើម្បីស្តាប់ការលើកឡើងរបស់លោក កឹម សុខា ចំពោះភាពអយុត្តិធម៌មក​លើរូបលោក ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។

ក្នុងនោះ វាជាកិត្តិយស ដែលករណីលោក កឹម សុខា ត្រូវបានស្ថិតក្នុងរបៀបវារៈនៃបេសក​កម្មរបស់​គណៈ​ប្រតិ​ភូ សហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី Paola PAMPALONI អនុប្រធានទទួលបន្ទុកតំបន់អាស៊ី បា​ស៊ីហ្វិក នៃគណៈកម្មការកិច្ចការបរទេសសហភាពអឺរ៉ុប មកកាន់ប្រទេសកម្ពុជា ជាផ្នែកមួយនៃការ​សន្ទ​នាន​​យោបាយជាន់ខ្ពស់ រវាងសហភាពអឺរ៉ុប-ប្រ៊ូសសែល និងសមភាគីកម្ពុជា ក្នុងក្របខណ្ឌគណៈកម្ម​ការ​ចម្រុះ សហភាពអឺរ៉ុប – កម្ពុជា លើកទី១១។

ស្ថិតក្នុងបរិយាកាសនេះ លោក កឹម សុខា និងលោកស្រីប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារ និង​ ផ្លាស់​ប្តូរយោបល់ ព្រមទាំងទស្សនៈគ្នាដោយផ្ទាល់ នៅរាធានីភ្នំពេញ ដោយក្នុងជំនួបនោះ លោកស្រីប្រ​ធាន​គណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍ខ្លាំងអំពីលំហរប្រជាធិបតេយ្យ សិទ្ធិស៊ីវិល និង​នយោ​បាយ សិទ្ធិសង្គមស៊ីវិល និងសិទ្ធិសេរីភាពរបស់លោក ដែលពាក់ពន្ធ័នឹង​ដំណើរនីតិវិធីយឺតយ៉ាវ​របស់​តុលា​ការ​។

លោកស្រី Paola PAMPALONI អនុប្រធានទទួលបន្ទុកតំបន់អាស៊ីបា​ស៊ីហ្វិក នៃគណៈកម្មការកិច្ចការបរទេសសហភាពអឺរ៉ុប និងលោក កឹម សុខា

លោក កឹម សុខា បានបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់គណកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុប និងការដែលលោកបានជួបពិភាក្សាផ្ទាល់ជាមួយគណៈប្រតិភូអស់រយៈពេលជាច្រើន​ម៉ោង​ផង​នោះ​ លោកអាចវាយតម្លៃបានថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ហើយក៏ជាកាលានុវត្តភាពមួយ​ដែល​កម្ពុជាអាចទាញយកផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ លើវិស័យនានាពីប្រទេសជឿន​លឿន​នៃ​មហាអំណាចសហភាពអឺរ៉ុបនេះ។

លោក កឹម សុខា បន្ថែមថា អ្វីដែលលោកបានយល់ដឹងតាមរយៈគណៈប្រតិភូក្នុងជំនួបនេះ ចំពោះ​សហ​ភាព​អឺរ៉ុប មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជា គឺចង់ជួយដល់សេដ្ឋកិច្ចកម្ពុជា ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ ជាពិសេសលើវិស័យវាយនភណ្ឌ និងរោងចក្រកាត់ដេរ ដូចជា៖ វិ​ស័យ​ពាណិជ្ជកម្ម ការវិនិយោគជាដើម ក៏ប៉ុន្តែត្រូវអនុវត្តតាមគុណតម្លៃស្នូលរបស់សហភាពអឺរ៉ុប គឺការ​គោ​រព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិស៊ីវិល និងនយោបាយ សេរីភាពគ្រឹះ រួមទាំងសេរីភាព​សារ​ព័ត៌មា​ន អង្គការសង្គមស៊ីវិល និងសហជីព នីតិរដ្ឋ ព្រមទាំងការបោះឆ្នោតស្របតាមបទដ្ឋាន និងជាគោល​ការណ៍​ប្រជាធិបតេយ្យ និងពហុនិយមដែលជាជម្រើសរបស់អ្នកបោះឆ្នោត៕

លោក កឹម សុខា និង លោកស្រី Paola PAMPALONI អនុប្រធានទទួលបន្ទុកតំបន់អាស៊ីបា​ស៊ីហ្វិក នៃគណៈកម្មការកិច្ចការបរទេសសហភាពអឺរ៉ុប