កំពង់ស្ពឺ៖ សកម្មភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ មិនបានដើរលើសបន្ទាត់ក្រហមនោះឡើយ។
ការមិនបានដើរលើសបន្ទាត់ក្រហម ព្រោះតែសកម្មភាពរបស់លោកមិនបានធ្វើក្នុងរូបភាពបម្រើឱ្យគណបក្សនយោបាយណាមួយ ឬសម្រាប់ខ្លួនលោកទេ តែផ្ទុយទៅវិញ គឺជាសកម្មភាពបម្រើឱ្យកិច្ចការងារ សង្គមកិច្ច មនុស្សធម៌ ទឹកជំនន់ សាសនា ការទូត ការចូលរួមទប់ស្កាត់នៃការរីករាលដាលដោយជំងឺកូវីដ១៩ ព្រមទាំងការជួបសួរសុខទុក្ខ ដោយក្តីនឹករលឹករបស់លោកជាមួយប្រជាពលរដ្ឋ ដែលជាអ្នកគោរពស្រលាញ់គាំទ្រនៅតាមមូលដ្ឋានតែប៉ុណ្ណោះ។
យ៉ាងណាលោក កឹម សុខា ម្តងហើយម្តងទៀត បានធ្វើការបញ្ជាក់ នូវគោលជំហររបស់លោក ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគោរពស្រលាញ់នៅតាមមូលដ្ឋានថា លោកមិនដែលភ្លេចបងប្អូនម្តងណាឡើយ ហើយលោកក៏មិនរត់ចោលបងប្អូនដែលជាអ្នកគាំទ្រជាងកន្លះនគរនេះដែរ លោកនៅតែបន្តរក្សាគោលជំហរ មិនក្បត់ឆន្ទៈប្រជារាស្រ្ត ហើយមិនធ្វើរឿងអ្វីដែលមិនអាចធ្វើទៅបាននោះទេ មានន័យថា លោកធ្វើរឿងដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ហើយប្រសិនបើលោកធ្វើសកម្មភាព គឺចេញមុខដឹកនាំដោយផ្ទាល់ ដោយមិនរុញឱ្យអ្នកគាំទ្រណាម្នាក់ជាប់គុកជំនួសរូបលោកឡើយ។លោក កឹម សុខា ថ្លែង បញ្ជាក់គោលជំហរដូចនេះ ធ្វើឡើងក្នុងឱកាសជួបសួរសុខទុក្ខ និងសម្តែងក្តីនឹករលឹកជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ស្រុកទូទាំងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ៕
#TNTV #TNHOTNEWS #KEMSOKHA #កឹមសុខា #នឹករលឹក