វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់​និរន្តរ​ភាព​បរិស្ថាន ​និងការរស់នៅស្អាត

0
364

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានជួបជាមួយលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential Insurance Growth Market នៅទីស្ដីការក្រសួងបរិស្ថាន។

ក្នុងជំនួបនោះលោក សាយ សំអាល់ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ ក្នុងការការ​ពារ​បរិស្ថាន និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន គុណភាពចំណីអាហារ ការរស់នៅស្អាត ដែលជា​មូល​ដ្ឋាន​​គ្រឹះមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របពេលដែល​ប្រទេស​កម្ពុជា​មានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សនូវសមាសភាគប្រជាជន​មានកម្រិត​ជីវ​ភាព​មធ្យម ដោយសារតែសុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំជាប់មិនដាច់ ក្នុ​ង​រយៈពេលជាងពីរ​ទសវត្សរ៍ចុងក្រោយនេះ។ ទាំងនេះ គឺជាកត្តាអំណោយផលមួយសម្រាប់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential បានកោតសរសើរ​ចំពោះ​វឌ្ឍនភាពសង្គមកម្ពុជាលើគ្រប់វិស័យ រាប់ទាំងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពផង ហើយលោក​នឹង​យកអនុសាសន៍ល្អៗរបស់លោក សាយ សំអាល់ ទៅគិតគូរបញ្ចូលក្នុងគោលនយោបាយរបស់ក្រុមហ៊ុន សំដៅជំរុញលើកទឹកចិត្តឱ្យអតិថិជនដែលជាវផលិតផលធានារ៉ាប់រងផ្សេងៗរបស់ខ្លួន យកចិត្តទុកដាក់​ទៅ​លើ​និរន្តរភាពបរិស្ថាន សុខភាព និងការរស់នៅស្អាត៕

#TNTV #TNTVONLINE #TNHOTNEWS #MinistryofEnvironment #rudential #ក្រសួងបរិស្ថាន #សាយសំអាល់