ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា «កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។
លោក សាយ សំអាល់ បានលើកឡើងទៀតថា ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី? នេះជារឿងសំខាន់។ លោក សាយសំអាល់ បន្តថា កងទ័ពរបស់កម្ពុជា ជាកូន ជាចៅ របស់ប្រជាពលរដ្ឋ ហើយមានតែកងទ័ពទេ គឺជាឆ្មាំចាំយាមអាយុជីវិតជាតិរបស់យើង។
ជាមួយគ្នានោះលោក សាយ សំអាល់ បានរម្លឹកផងដែរថា បើយើងងាកត្រឡប់ទៅប្រវត្តិសាស្ត្ររបស់ខ្មែរ៥០០ឆ្នាំមុន យើងមិនដែលមានពេលណាដែលមានរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ ហើយក៏មិនដែលបានឯកភាពទឹកដីដូចពេលនេះដែរ។ យើងមានរដ្ឋាភិបាលតែមួយ មានសុខសន្តិភាព ស្ថេរភាពនេះ ក៏ដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចប្រមុខរដ្ឋាភិបាលដែលធ្វើឱ្យយើងមានឱកាសកសាងអភិវឌ្ឍប្រទេសរបស់យើង។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា កម្ពុជាយើងជាប្រទេសមួយដែលធ្លាប់ងើបពីសង្គ្រាម ពីគំនរឆ្អឹង និងថ្លុកឈាម ហេតុនេះ បើយើងរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយដែលកំពុងមានបច្ចុប្បន្ននេះ នោះអនាគតរបស់យើងនឹងកាន់តែល្អប្រសើរ៕
#TNTV #TNTVONLIKE #សាយសំអាល់ #TNHOTNEWS #កងទ័ព