ថៃ៖ ដោយសារតែបញ្ហាជីវភាព និងកង្វះការងារធ្វើនៅក្នុងស្រុកពលករចំណាកស្រុកខ្មែរមួយក្រុម មានគ្នាចំនួន៩នាក់ ត្រូវបានទាហានឈុតខ្មៅថៃការពារព្រំដែនចាប់ខ្លួនបាន ខណៈ ពួកគេបានលួចឆ្លងដែនចូលទឹកដីថៃ។
ការឃាត់ខ្លួនជនជាតិខ្មែរ ដែលជាពលករចំណាកស្រុកទាំង៩នាក់ ធ្វើឡើងនៅវេលាម៉ោង១១ និង៣០ នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខណ:កម្លាំងយោធាថៃកំពុងដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
បើតាមប្រភពព័ត៌មានថៃបានបញ្ជាក់ថា ពេលកម្លាំងកំពុងប្រតិបត្តិការ បានឃើញពលករចំណាកស្រុកមួយក្រុមកំពុងនាំគ្នាដើរកាត់តាមព្រៃ និងតាមចម្ការដំណាំរបស់ប្រជាពលរដ្ឋទើបឃាត់ខ្លួនដើម្បីយកមកសាកសួរ ដែលក្នុងនោះពលករទាំង៩នាក់ មានប្រុសចំនួន៦នាក់ និងស្រី៣នាក់ ដែលម្នាក់ៗគ្មានឯកសារ បញ្ជាក់ពីភាពស្របច្បាប់ត្រឹមត្រូវនោះឡើយ។
ក្រោយពេលឃាត់ខ្លួន ពលករខ្មែរទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យថៃត្រួតពិនិត្យសុខភាពមុនពេលបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកពោងណាំរ៉ន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
#TNTV #TNTVONLINE #TNHOTNEWS #ពលករឆ្លងដែរ #ពលករខ្មែរ #ពលករចំណាកស្រុក