ពោធិ៍សាត់៖ វាមិនមែនជារឿងថ្មីឡើយ សម្រាប់គណបក្សប្រឆាំងភ្លើងទៀន ដែលបេក្ខភាពរបស់ខ្លួនត្រូវទទួលរងនូវការគំរាមកំហែង ព្រមទាំងការចាប់ខ្លួនក្រោមបទចោទផ្សេងៗនោះ ក្រោយគណបក្សនេះ ប្រកាសជាផ្លូវការចូលរួមប្រគួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។
ក្នុងនោះ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំទី១ បេក្ខភាពលេខរៀងទី២ គណបក្សភ្លើងទៀន ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោក ហែម ឆិល អាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ ពឹម ដារ៉ាន់ អាយុ១៥ឆ្នាំ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ចាប់ឃុំខ្លួននៅអធិការដ្ឋាននគរបាល ស្រុកកណ្តៀង រួចបញ្ជូនមកតុលាការ ដោយតុលាការសម្រេចឃុំខ្លួន ក្រោមការចោទ ប្រើប្រាស់ឧបករណ៍នាសាទខុសច្បាប់ នេះបើតាមការប្រាប់ឱ្យដឹងរបស់មន្រ្តីគណបក្សភ្លើងទៀន។
ចំពោះការចាប់ និងចោទខាងលើ មន្រ្តីគណបក្សភ្លើងទៀន បានហៅទង្វើនេះថា ជាចេតនាគំរាមកំហែង ផ្នែកនយោបាយ បំបាក់ស្មារតីទប់ស្កាត់កម្លាំងមហាជន ក៏ដូចជាសកម្មជន គណបក្សភ្លើងទៀន ដែលហ៊ានចេញមុខតស៊ូមតិ និងធ្វើសកម្មភាពនយោបាយ នៅមូលដ្ឋានយ៉ាងផុសផុល៕
#TNTV #TNTVONLINE #TNHOTNEWS #គណបក្សភ្លើងទៀន #បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ #បេក្ខភាពគណបក្សភ្លើងទៀន