ភ្នំពេញ៖ លោក កឹម សុខា ដែលគ្រប់គ្នាដឹង និងទទួលស្គាល់ជាមេដឹកនាំ ដែលប្រកាន់គោលការអហិង្សានិយម និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានទទួលការគោរព និងស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរ និងមិត្តបរទេស។
ការលះបង់ និងបន្តស្មារតីជាតិនិយមរបស់លោក កឹម សុខា ចំពោះជាតិ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានធ្វើឱ្យរូបលោកនៅតែឈរក្នុងលំដាច់នៃបន្ទាត់មេដឹកនាំឈានមុខលើឆាកអន្តរជាតិ។ ជាក់ស្តែង មិត្តបរទេសមិនដែលរំលងវត្តមានរបស់លោក កឹម សុខា ម្តងណាឡើយ ចំពោះការបន្តតាមដានសវនាការដ៏វែងអន្លាយរបស់លោកផងដែរ។
ក្នុងនោះ មួយថ្ងៃមុនសវនាការលើកទី៤៥ លោក កឹម សុខា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោកស្រី Carmen Monero បានអញ្ជើញដើម្បីជួបពិភាក្សាការងារ នៅស្ថានទូតសហភាពអឺរ៉ុបដោយផ្ទាល់។
លោក កឹម សុខា ជាមួយ លោកស្រី Carmen Monero ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
ក្រោយជំនួបលោក កឹម សុខា បានឱ្យដឹងថា លោកបានជជែក និងផ្លាស់ប្តូរទស្សនគ្នាជុំវិញស្ថានភាពសិទ្ធិមនុស្ស លំហរប្រជាធិបតេយ្យ ដំណើរការសវនាការរឿងក្តីរបស់លោក ជាពិសេសការបញ្ជាក់គោលជំហ៊រយ៉ាងច្បាស់ចំពោះបញ្ហាខាងលើសម្រាប់បច្ចុប្បន្ន និងទៅអនាគត ជាមួយលោកស្រី Carmen Monero។
ដូចគ្នានេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍ ឯកអគ្គរាជទូតថ្មី នៃប្រទេសញូហ្សេឡែន ប្រចាំ កម្ពុជា ថៃ និងឡាវ លោក Jonathan Kings ដែលទើបថ្វាយសារតាំងដល់ព្រះមហាក្សត្រ ក៏បានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរូបលោកជាផ្លូវការនៅគេហដ្ឋានដោយផ្ទាល់ផងដែរ។
លោក កឹម សុខា ជាមួយលោក Jonathan Kings ឯកអគ្គរាជទូតថ្មីប្រទេសញូហ្សេឡែន ប្រចាំ កម្ពុជា ថៃ និងឡាវ
លោក កឹម សុខា បានបង្ហាញថា ដូចឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃប្រទេសដែលប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យសំខាន់ៗក្នុងតំបន់ និងពិភពលោកដែរ ដែលនៅតែផ្តល់កិត្តិយស និងផ្តល់តម្លៃដល់លោក គឺជាមេដឹកនាំតំណាងសម្លេងប្រជាពលរដ្ឋខ្មែរដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
យ៉ាងណា លោក កឹម សុខា ថាឯកអគ្គរាជទូតថ្មី នៃប្រទេសញូហ្សេឡែន ប្រចាំ៣ប្រទេស គឺ កម្ពុជា ថៃ និងឡាវ បានបញ្ជាក់ថា រដ្ឋាភិបាលប្រទែសញូហ្សេឡែន បាននិងកំពុងបន្តតាមដាននូវដំណើរការសវនាការរឿងក្តី និងសិទ្ធិសេរីភាពរបស់លោក ជាពិសេសសិទ្ធិក្នុងការចូលរួមធ្វើសកម្មភាពនយោបាយយ៉ាងសំខាន់បំផុត៕
#TNTV #TNHOTNEWS #TNTVONLINE #KEMSOKHA #កឹមសុខា #ឯកអគ្គរាជទូតញូហ្សេឡែន #សវនាការកឹមសុខា #តុលាការសាលាដំបូងរាជធានីភ្នំពេញ #អយុត្តិធម៌សង្គម #លទ្ធិប្រជាធិបតេយ្យ