ឧត្តរមានជ័យ៖ ដោយការព្យាយាមពីសំណាក់ជនពិការ លឹម ភា បានធ្វើឱ្យសហគមន៍របស់ខ្លួនប្រែមុខមាត់ថ្មី ដែលជាក្តីសង្ឃឹមរបស់ក្មួយៗកូនកសិករក្រីក្រ និងជនពិការ រស់នៅក្នុងសហគមន៍ បានសិក្សារៀនសូត្រចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៦ នៃសាលាបឋមសិក្សា តេជោសន្តិភាព ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អគាសិក្សា១ខ្នង៧បន្ទប់ ៦បន្ទប់សិក្សា និង១បន្ទប់ការិយាល័យ ព្រមទាំងបន្ទប់អនាម័យ១០ និងអណ្តូងទឹកស្អាត១ផងនោះ ត្រូវបានប្រគល់ជូនក្មួយៗនៃសហគមន៍ លឹម ភា ក្រោមការគ្រប់គ្រងនៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ ដែលជាជំនួយដ៏ថ្លៃថ្លានៃការចូលរួមរបស់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ នៃមិត្តដែកថែបចិន។
នេះគឺជាជំនួយទី៤ និងធំជាងគេរបស់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ដែលបានជួយមកដល់សហគមន៍ លឹម ភា និងត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ពីសំណាក់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ. ឯកឧត្តម ឧត្តមសេនីយឯក មួង ឃីម.លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ.លោក សាយ ម៉េងគីម អភិបាលរងខេត្តរតនគិរី. លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ.លោក ពេជ្រ រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ ព្រមទាំងលោកស្រី Ye Linna ប្រធានអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ផងដែរ។
មានប្រសាសន៍ក្នុងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាបឋមសិក្សា តេជោសន្តិភាព ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើរសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗជាទីស្រឡាញ់ទាំងអស់ពីសំណាក់សម្តេចតេជោ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ លោកយាយ លោកតា អ៊ុំ ពូមា មីងទាំងអស់ ដែលបានបោះឆ្នោតជូនសម្តេច និងគណបក្សប្រជាជនកម្ពុជាកន្លងទៅថ្មីៗនេះ ដើម្បីសម្តេច បានបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនជាបន្តទៀត។
ដូចគ្នានេះ ឯកឧត្តម ដួង តារា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និងមិត្តចិនទាំងអស់ ព្រមទាំងបណ្តាក្រុមហ៊ុននានា រួមទាំងក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំមិនគិតការនឿយហត់ និងចូលរួមថវិកាក្នុងការចូលរួមចំណែកកសាងសាលារៀនថ្មីមួយខ្នងនេះឡើង ជូនក្មួយៗនៅសហគមន៍ លឹម ភា បានសិក្សារៀនសូត្រ ដោយមិនលំបាកក្នុងការធ្វើដំណើរទៅសាលារៀន នៅទីឆ្ងាយទៀតនោះឡើយ។
សាលាបឋមសិក្សា តេជោសន្តិភាព បានចាប់ផ្តើមកសាងឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ និងបានសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដែលបានចំណាយថវិកាអស់សរុបប្រមាណជាង១២ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្រោមជំនួយថវិការបស់សប្បុរសជនចិន តាមរយៈអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ មិត្តចិន។
ជាមួយគ្នានេះ ក្នុងថ្ងៃសម្ភោធដាក់ឱ្យប្រើប្រាស់សាលារៀន មិត្តចិនមិនត្រឹមប្រគល់សាលាខាងលើ ជូនដល់ក្មួយៗបានសិក្សារៀនសូត្រនៅសហគមន៍ លឹម ភា ប៉ុណ្ណោះទេ អមដោយការផ្តល់សម្ភារៈសិក្សាជាច្រើនមុខទៀត សម្រាប់ក្នួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា តេជោសន្តិភាព ក្រោមទិដ្ឋភាពស្និតស្នាល និងសប្បាយរីករាយបំផុត។
ក្នុងនោះ លោក លឹម ភា ដែលជាប្រធានសហគមន៍ បានថ្លែងផងដែថា លោកពិតជារីករាយ ដែលបានចូលរួម បរិច្ចាកដីសម្រាប់សាងសង់សាលាបឋមសិក្សា តេជោសន្តិភាព ចំនួន២ហិតា ព្រមទាំងថវិកាផ្ទាល់ខ្លួនបន្ថែមក្នុងការកសាងផ្លូវ១ខ្សែប្រវែង៥០០ម៉ែត្រ ចូលសាលារៀន អមដោយការចំណាយផ្សេងៗមួយចំនួនទៀត នូវទឹកប្រាក់សរុបប្រមាណ១០,១១៧ដុល្លាសហរដ្ឋអាមេរិក។
ព្រមជាមួយគ្នានោះ លោក លឹម ភា ក៏បានប្រកាសប្រគល់ដីជូនរដ្ឋចំនួន១ហិតាបន្ថែម សម្រាប់កសាងមណ្ឌលសុខភាព ដើម្បីទុកបម្រើប្រយោជន៍រួមសាធារណៈរបស់រដ្ឋដូចគ្នា ក្នុងការផ្តល់សេវាសុខាភិបាល ដល់ពលរដ្ឋរស់នៅក្នុងសហគមន៍ ដែលបច្ចុប្បន្នមានប្រជាជនសរុបចំនួន៥២៩គ្រួសារ និងអនាគតលើសពីនេះបន្ថែមទៀត ដែលតាមគំរោងលោក លឹម ភា និងបើកទទួលក្នុងការផ្តល់ដីជូនពលរដ្ឋក្រីក្រ និងជនពិការដោយគ្មានការកំណត់ឡើយ៕
#TNTV #TNHOTNEWS #TNTVONLINE #LIMPHEA #DUANGDARA #មនុស្សធម៌ #ដួងតារា #អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ #សាលាបឋមសិក្សាតេជោសន្តិភាព #ជនពិការលឹមភា #លឹមភាមនុស្សធម៌ #លឹមភាស្រលាញ់សន្តិភាព