មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ អតីតកូតាគណបក្សសិទ្ធិមនុស្ស ផ្ញើសារជូនពរលោក កឹម សុខា នៅថ្ងៃខួបកំណើត៧០ឆ្នាំ

0
494

ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ អតីតកូតា គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានផ្ញើសារជូនពរក្នុងឱកាសខួបកំណើតលោកឈានចូល៧០ឆ្នាំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

លិខិតជូនពរលោក កឹម សុខា របស់មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើឡើងដូចគ្នា និងព្រមគ្នាក្នុងថ្ងៃតែមួយ ខ្លឹមសារតែមួយ ដែលរួមមាន លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ.លោក ខឿយ ស៊ីនឿន អនុប្រធានខ្មែរស្រឡាញ់ជាតិ និងលោក សៀវ សុត អគ្គហេរញ្ញិក គណបក្សខ្មែរស្រឡាញ់ជាតិ ដោយនៅក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ ពួកលោកនិងគ្រួសារ សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកតាម បីបាច់ថែរក្សា លោក កឹម សុខា មានសុខភាពល្អ បរិបូរណ៍ និងមានសេរីភាព ពេញលេញ ឡើងវិញឆាប់ៗ ព្រមទាំងភរិយា និងបុត្រីទទួលបាននូវសិរីសួស្តី សុភមង្គល និងសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នេះសរបញ្ជាក់ឱ្យឃើញថា បើទោះបីមេដឹកនាំកំពូលគណបក្សខ្មែរស្រឡាញ់ជាតិ មាននិន្នាការនយោបាយផ្សេង និងបានចាកចេញពីលោក កឹម សុខា ទៅបង្កើតគណបក្សថ្មីក្តី ក៏ពួកលោកនៅតែបង្ហាញមនោសញ្ចេតនា នៃការគោរពស្រឡាញ់ ជូនចំពោះលោក កឹម សុខា ក្នុងនាមខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវឡើយ។

អ្វីណាទាំងអស់នេះ មិនខុសពីសាររបស់លោក កឹម សុខា ដែលតែងតែធ្លាប់លើកឡើងថា យើងប្រឆាំង និងឈ្លោះគ្នាតែលើសារនយោបាយប៉ុណ្ណោះ តែមិនត្រូវចាត់ទុកខ្មែរគ្នាឯងជាសត្រូវឡើយ បើទោះបីយើងមាននិន្នាការនយោបាយផ្សេងគ្នាក្តី។

ទាំងនេះ ក៏ជាការបង្ហាញឱ្យឃើញថា ការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយគឺជារឿងដ៏ល្អបំផុត បង្ហាញជាគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយ ឱ្យចេះចាប់យកនូវវប្បធម៌គោរពស្រឡាញ់ មិនប្រកាន់និន្នាការនយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះទេ គឺខ្មែរត្រូវចេះរួបរួម សាមគ្គី កសាងកម្លាំងខ្មែរតែមួយឱ្យបានខ្លាំង និងរាំងមាំ នោះគ្មានសត្រូវបរទេសណាហ៊ានមើលងាយ និងឈ្លានពានបានឡើយ ដោយមេដឹកនាំខ្មែរបន្តពួតនៃគ្នាកសាងកម្ពុជា ឱ្យរុងរឿងជឿនលឿនឡើងជារៀងដ៏រាបតទៅ៕

#TNTV #TNTVONLINE #TNHOTNEWS #KEMSOKHA #KONGKIMHAK #SINOEURNKHEUY #SIEVVISOTH #HAPPYBIRTHDAY #HAPPYBIRTHDAYKIMSOKHA