លោក កឹម សុខា អ្នកនយោបាយ១រូប ក្នុងចំណោម៤រូប ដែលឈរឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ មិនមែនជារឿងចៃដន្យ និងធម្មតាឡើយ

0
788

ភ្នំពេញ៖ លោក កឹម សុខា កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ក្នុងត្រកូលកសិករ នៅ​ឃុំ​ពពេល ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ដោយក្នុងនោះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាគម្រប់ខួបឈានចូលវ័យ៧០ឆ្នាំរបស់លោក ដោយមានការគោរពស្រឡាញ់ ទទួលបានការស្វាគមន៍នៃការជូនពរពីតំណាងពលរដ្ឋតាមបណ្តាខេត្តនានា នៅគេហដ្ឋានក្នុងទីក្រុងភ្នំពេញ។

លោក កឹម សុខា ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ៧០ឆ្នាំ

លោក កឹម សុខា បានបញ្ចប់ការសិក្សានៅសាលាបឋមសិក្សាអង្គគោល (ស្លាគូរ) ស្រុកសំរោង ខេត្តតាកែវ នៅឆ្នាំ១៩៦៥ និងបញ្ចប់ការសិក្សានៅវិទ្យាល័យកូនចៅសម្តេចឪ (អង្គតាសោម) ស្រុកត្រាំកក់ ខេត្តតាកែវ នៅឆ្នាំ១៩៧០។

ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ លោក កឹម សុខា បានមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ស្នាក់នៅវត្តស្រះចក ដោយជីវភាពខ្វះខាត លោកត្រូវបានការជួយទំនុកបម្រុងពីព្រះសង្ឃក្នុងការសិក្សារៀនសូត្រ និងពេលល្ងាចឆ្លៀត ស្រោចបន្លែ ដែលបានសុំដីគេដាំនៅច្រាំងទន្លេក្បែរឃ្លាំងគយ។ លុះចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់ លោក កឹម សុខា បានខ្ចីស៊ីក្លូអ្នកស្នាក់នៅក្នុងវត្តជាមួយ ដើម្បីធាក់រកប្រាក់កម្រៃបន្ថែមសំរាប់ទិញកាសែតអានរាល់ថ្ងៃ និងទិញសម្ភារៈសិក្សា។ នៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ លោក កឹម សុខា បានសិក្សាសញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ នៅវិទ្យាល័យ​បឹង​កក់ (ទួល​គោក) នៅឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៥ លោក កឹម សុខា សិក្សានៅមហា​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​ទី​២ លុះនៅឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៦ លោក កឹម សុខា បានជាប់អាហារូបករណ៍ ចេញទៅសិក្សាថ្នាក់អនុបណ្ឌិត ​វិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ បច្ចេកវិទ្យាគីមី នាទីក្រុងប្រ៉ាក ប្រទេសឆេកូស្លូវ៉ាគី។

លោក កឹម សុខា បាន​ចាប់ផ្តើម​​ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅ​ឆ្នាំ១៩៩៣ ​ជាមួយ​​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា ​របស់​លោកតា សឺន សាន។ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ​ខេត្ត​តាកែវ ​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​ ឆ្នាំ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់។

នៅ​ឆ្នាំ១៩៩៩ លោក កឹម សុខា បាន​ចូលរួម​នយោបាយជាមួយ​ ​គណបក្ស​ ហ៊្វុនស៊ីនប៉ិច ហើយ​ក្រោយ​ម​ក លោក​​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា។ ​នៅ​ឆ្នាំ២០០២ លោក កឹម សុខា បាន​ឈប់ពី​នយោបាយ និង​បង្កើត​អង្គការ​​សិទ្ធិមនុស្សមួយ​ឈ្មោះ​ថា ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)។ ហើយលោក​បាន​លា​លែង​ពី​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​ ដើម្បី​បង្កើត ​គណបក្ស​នយោបាយ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា គណបក្ស​សិទ្ធិមនុស្ស (HRP) នៅ​ក្នុង​ឆ្នាំ២០០៧។

នៅ​ឆ្នាំ២០១២ លោក កឹម សុខា បាន​ក្លាយ​ជា​អនុប្រធាន​គណបក្សសង្គ្រោះជាតិ ដែលលោក​ជា​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នៃវោហារសាស្រ្តនយោបាយមូលដ្ឋាន។ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា បានក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ ហើយលោកត្រូវបានចាប់ខ្លួនកាល​ពី​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​បទចោទ សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន បើទោះបីលោកមានសេរីភាពក្តី តែបណ្តឹងនៅតែបន្ត រៀងរាល់សប្តាហ៍ នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណា វាក៏មិនមែនជារឿងចៃដន្យ និងធម្មតាដែរ សម្រាប់ជីវិតលោក កឹម សុខា ជាកូនកសិករ បានក្លាយជាមេដឹកនាំនយោបាយដ៏មានប្រជាប្រិយភាពទាំងនៅលើឆាកជាតិ និង អន្តរជាតិ ប្រើប្រៀបធៀប និងអ្នកនយោបាយ៣រូបផ្សេងទៀត ដែលសុតតែទទួលបានកេរ្តិ៍តំណែលមរតក ពីឪពុក និងអ្នកជួយខ្លួនឱ្យក្លាយជាមេដឹកនាំរហូតដល់បច្ចុប្បន្ននេះ ដែលក្នុងនោះរួមមាន៖

១ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ អតីតព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានកេរ្តិ៍តំណែល ពីព្រះបិតាព្រះអង្គ គឺព្រះបាទ នរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ

២ លោក សម រង្ស៊ី ដែលទទួលបាន កេរ្តិ៍តំណែល ពីឪពុក គឺលោក សម សារី ដែលជាអ្នកនយោបាយល្បីឈ្មោះមួយរូបជំនាន់សម្តេចឪ

៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាកូនកសិករក្តី តែលោកទទួលបានមរតក នៃការជួយជ្រំជ្រែងពីប្រទេសវៀតណាម ដូចប្រវត្តិសាស្រ្តបានចារទុកនៃជិវិតតស៊ូរំដោះជាតិរបស់លោក

ដោយឡែក អ្នកនយោបាយអហិង្សានិយម កឹម សុខា គ្មានឡើយមរតក និង កេរ្តិ៍តំណែល នៃការទទួលបានពីបុគ្គល ឬឪពុក ដោយលោកខិតខំប្រឹងប្រែងក្នុងជិវិតឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ ចូលដល់វ័យ៧០ឆ្នាំ កម្លាំងនៅតែរឹងមាំ ស្មារតីជាតិ ឆន្ទៈនៅតែបន្តដ៏មុះមុតគ្មានរុញរា មិនរត់ចោលរាស្រ្តដែលគាំទ្រ ស៊ូរបន្តតតាំងក្តីនៅតុលាការ ដើម្បីសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យពលរដ្ឋស្នេហាជាតិ និងមិត្តបរទេសចាត់ទុកលោកជាអ្នកនយោបាយដ៏សំខាន់ អហិង្សានិយម និងស្មោះត្រង់ចំពោះជាតិ មាតុភូមិ ដែលធ្វើឱ្យកិត្តិនាមរបស់លោក កាន់តែល្បីឆន្ទឺលើឆាកអន្តរជាតិ ដែលមិត្តបរទេសមិនដែលរំលងវត្តមានរបស់លោកឡើយ ចំពោះបេសកកម្មរបស់ពួកគេនៅកម្ពុជា និងការតាមដានក្តីរបស់លោកនៅតុលាការ ព្រោះពួកគេបានចាត់ទុកលោក កឹម សុខា នៃគ្រឹះដ៏សំខាន់មួយផ្នែកទៀត គឺជាមេដឹកនាំតំណាងសម្លេងប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕

#TNTV #TNHOTNEWS #TNTVONLINE #KEMSOKHA #SAMRIANSY #HUNSEN #កឹមសុខា #ហ៊ុនសែន #សមរង្ស៊ី #គណបក្សសង្គ្រោះជាតិ #មរតក #អហិង្សា #លទ្ធិប្រជាធិបតេយ្យ #យុត្តិធម៌ #សេរីភាព