ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោមនស្សរីករាយ ក្នុងការជួបជាមួយលោក កឹម សុខា និងខកចិត្តចំពោះសវនាការមានចរិតនយោបាយ

0
1176

ភ្នំពេញ៖ លោក កឹម​ សុខា នៅតែស្ថិតក្នុងក្រសែភ្នែករបស់មិត្តបរទេស ដោយមិនទុកឱ្យលោកនៅកំព្រាឯការឡើយ ព្រោះតែការតស៊ូមតិដោយអហិង្សារបស់លោកជាមួយប្រព័ន្ធតុលាការនៅកម្ពុជា។

យ៉ាងណាម៉ិញ ទោះស្ថិតកាលៈទេសៈនិងឱកាសណាក៏ដោយ លោក កឹម សុខា នៅតែស្វះស្វែងរកការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគីនិង ពហុភាគី ដើម្បីចូលរួមជួយបម្រើ ការ​ពារ​ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា លោក កឹម សុខា បានជួបជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនៈកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ដោយក្នុងជំនួបនោះ ក៏មានវត្តមានលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព ព្រមទាំងសហការី ផងដែរ។

តាមលោក កឹម សុខា បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេលពីរសប្តាហ៍ដើមខែកក្កដានេះ តាមរយ:ជំនួបរបស់លោកជាមួយនឹងតំណាងប្រទេសមហាអំណាចពិភពលោក ដែលប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យមានដូចជា៖

១ ប្រទេសជប៉ុន មហាអំណាចនៅទ្វីបអាស៊ី

២ សហភាពអឺរ៉ុប អាល្លឺម៉ង់ បារាំង មហាអំណាចនៅទ្វីបអឺរ៉ុប

៣ សហរដ្ឋអាមេរិក មហាអំណាចនៅទ្វីបអាមេរិក

ក្នុងជំនួបខាងលើលោក កឹម សុខា បានធ្វើការកត់សំគាល់ឃើញថា ប្រទេស និងប្រជាពលរដ្ឋទាំងនោះ នៅតែចាត់ទុកប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ គឺជាមិត្ត និងចង់បន្តជួយកម្ពុជា ដោយពង្រឹងនូវកិច្ចសហប្រតិបត្តិការជា​មួយគ្នាតទៅទៀត ស្របតាមគុណតម្លៃស្នូលនៃប្រទេសនីមួយៗ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា។ ដូចគ្នានេះ ក្រោយជំនួបជាមួយលោក កឹម សុខា ការិយាល័យសម្រាប់កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានបង្ហោះសារនៅលើ Twitter ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២​នេះថាៈ «ខ្ញុំមានសោមនស្សរីករាយដោយបានជួបជាមួយលោក កឹម សុខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំមកកាន់រាជធានីភ្នំពេញ។ សហរដ្ឋអាមេរិក នៅតែខកចិត្តចំពោះសវនាការមានចរិតនយោបាយរបស់លោក កឹម សុខា បន្តអូសបន្លាយដោយគ្មានដំណោះស្រាយ។ កម្ពុជា អាចនឹងទទួលផលប្រយោជន៍ពីដំណោះស្រាយនៃសិទ្ធិនយោបាយរបស់លោក កឹម សុខា»